យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ក្នុងឱកាសសម្ពោធជាផ្លូវការពិព័រណ៍ទេសចរណ៍អន្តរជាតិសេអ៊ូលលើកទី៤០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ បានអនុញ្ញាតជូនលោក TAE Wook Lee អគ្គនាយក និងជាប្រធានក្រុមសម្រាប់តំបន់អាស៊ីអគ្នេយ៍ និងអូសេអានីរបស់ក្រុមហ៊ុន Korean Air ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ ព្រមទាំងគម្រោងមកទស្សនកិច្ចនៅកម្ពុជារបស់ក្រុមហ៊ុន នៅពន្លារបស់ក្រសួងទេសចរណ៍នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការជួយជ្រោមជ្រែងរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់កន្លងមក និងស្នើសុំបន្តជួយបន្ត ព្រមទាំងពង្រឹកបន្ថែមទៀតតាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើក្រុមហ៊ុនជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយចាក់ផ្សាយវីដែអូឃ្លីបផ្សព្វផ្សាយទេសចរណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ហើយក្រសួងទេសចរណ៍រីករាយស្វាគមន៍ការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជារបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីជួបពិភាក្សាការងារសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន