រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានលើកឡើងថា ជនជាតិឥណ្ឌូនេស៊ី នៅមិនទាន់ស្គាល់ស៊ីជម្រៅអំពីកម្ពុជានៅឡើយទេ ដែលតម្រូវឱ្យមានការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានទេសចរណ៍ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសការបង្កើតប្រាសាទសម្ព័ន្ធមេត្រី រវាងប្រទេសទាំងពីរ ដើម្បីបង្កើនភាពទាក់ទាញ និងការយល់ដឹងរវាងប្រជាជនទាំងពីរប្រទេស ។

នៅក្នុងវេទិកាសារព័ត៌មានស្ដីពី «ទំនាក់ទំនងការទូត កម្ពុជា-ឥណ្ឌូនេស៊ី និងការអភិវឌ្ឍនៅកម្ពុជា» កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥ កន្លងមកនេះ ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូមារតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដើម្បីជំរុញអ្នកទេសចរឥណ្ឌូនេស៊ី មកទស្សនាកម្ពុជាកាន់តែច្រើនឡើងយើងត្រូវការជំរុញ និងខិតខំប្រឹងប្រែងធ្វើយ៉ាងផ្តល់ព័ត៌មាន និងចំណេះដឹងដល់ជនជាតិឥណ្ឌូនេស៊ី ផ្ទាល់ដើម្បីឱ្យយល់ពីសក្តានុពល ក៏ដូចជាតំបន់ទេសចរណ៍ដែលមានច្រើននៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តមថា បច្ចុប្បន្ននេះស្ថានទូតឥណ្ឌូនេស៊ី កំពុងរៀបចំនូវការណែនាំ ក៏ដូចជាបង្ហាញដល់ជនជាតិឥណ្ឌូនេស៊ី អំពីគោលដៅទេសចរណ៍ដែលមាននៅកម្ពុជា ប៉ុន្តែក្រៅពីនេះយើងក៏សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិន តាមរយៈអ្នកជំនួញ និងភាគីផ្សេងៗទៀតក៏ជាផ្នែកមួយក្នុងការជំរុញផ្តល់នូវចំណេះដឹង និងការណែនាំដល់ទៅជនជាតិឥណ្ឌូនេស៊ី ឱ្យស្គាល់តំបន់ទេសចរណ៍កម្ពុជាផងដែរ ។

ឯកឧត្ត ឯកអគ្គរដ្ឋទូត បានលើកជាឧទាហរណ៍ថា កន្លងមកអ្វីដែលជនជាតិឥណ្ឌូនេស៊ី ស្គាល់កម្ពុជា គឺតាមរយៈភាពយន្តរឿង Tomb Raider ដែលមានជាយូរមកហើយ អ៊ីចឹងយើងមិនចង់ឱ្យប្រជាជនឥណ្ឌូនេស៊ី ស្គាល់តែប៉ុណ្ណឹងទេ គឺចង់ឱ្យស្គាល់តាមរយៈការរៀបរាប់ផ្សេងទៀតទាក់ទងនឹងប្រាសាទ អង្គរវត្ត ។ មួយទៀត ជាវិធីសាស្ត្រយើងអាចបង្ហាញតាមរយៈរូបភាព និងភាពស្រដៀងគ្នានៃប្រាសាទដែលមាននៅក្នុងប្រទេសកម្ពុជា ជាមួយប្រាសាទដែលមាននៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះជាភាពទាក់ទាញមួយដែលនាំឱ្យជនជាតិឥណ្ឌូនេស៊ី មកទស្សនាប្រាសាទបុរាណនៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូមារតូ បានបនថែមទៀតថា តំបន់ទេសចរណ៍របស់កម្ពុជា ក្រៅពីប្រាសាទ អង្គរវត្ត គឺមានទីក្រុងភ្នំពេញ ក៏ជាតំបន់ទេសចរណ៍មួយដ៏សំខាន់ផងដែរ ដោយយើងអាចធ្វើគម្រោងទស្សនកិច្ចសម្រាប់បងប្អូនឥណ្ឌូនេស៊ី ដែលមករយៈពេល ២ ឬ ៣ ថ្ងៃ ត្រូវទស្សនាកន្លែងណាខ្លះក្នុងទីក្រុងភ្នំពេញ ។ ឯកឧត្តថា ស្ថានទូតឥណ្ឌូនេស៊ី ក៏មាន Guide book ផងដែរ ដើម្បីណែនាំអ្នកទេសចរឥណ្ឌូនេស៊ី ក្នុងការទស្សនានៅក្នុងទីក្រុងភ្នំពេញ ។ យ៉ាងណាមិញខាងឥណ្ឌូនេស៊ី ក៏បានណែនាំតំបន់ទេសចរណ៍ជាច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ។

ទាក់ទងទៅនឹងការតភ្ជាប់ ឯកឧត្ត ឯកអគ្គរដ្ឋទូត បានឱ្យដឹងថា បច្ចុប្បន្នមានហោះហើរ ៤ ដងក្នុងមួយសប្ដាហ៍ ហ្សាកាតា-ភ្នំពេញ (ថ្ងៃសុក សៅរ៍ អាទិត្យ និងថ្ងៃពុធ) ហើយក្រុមហ៊ុន អាកាសចរណ៍ Air Asia Cambodia កំពុងសិក្សាពង្រីកជើងហោះហើរត្រង់ពីភ្នំពេញ ឬ សៀមរាប ទៅកាន់ កោះបាលី បន្ថែមទៀត ។

ឯកឧត្ត ឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា ប្រាសាទ បូរ៉ូប៊ូឌូរ របស់ប្រទេសឥណ្ឌូនេស៊ីនិងប្រាសាទ អង្គរវត្ត របស់កម្ពុជា មានរូបរាងស្រដៀងគ្នាទៅលើរចនាប័ទ្ម ហើយឥណ្ឌូនេស៊ី និងកម្ពុជា បានបង្កើតប្រាសាទសម្ព័ន្ធមេត្រី រវាងប្រាសាទ អង្គរវត្ត និងប្រាសាទ បូរ៉ូប៊ូឌូរ ដែលមាន MoU រួចជាស្រេចមកហើយ ។ ហើយកាលពីឆ្នាំ ២០២៤ ក៏បានបន្ត MoU នេះបន្តទៀតដើម្បីជំរុញ និងផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ៕
