ទីក្រុងវ៉ាស៊ីនតោន៖ អាមេរិកស្នើសុំឱ្យបិទបញ្ចប់សម្ព័ន្ធភាពរវាងរុស្ស៊ី និងកូរ៉េខាងជើង។ ក្រសួងការបរទេសអាមេរិកថ្លែងថារុស្ស៊ីត្រូវបញ្ចប់ការឧបត្ថម្ភ-គាំទ្ររបបក្រុងព្យុងយ៉ាងតទៅទៀត។ ការថ្លែងដូច្នេះបន្ទាប់ពីម៉ូស្គូ និងព្យុងយ៉ាងទើបតែសន្យាពង្រីកទំនាក់ទំនងកាន់តែខ្លាំងក្លាបន្ថែមទៀត។ កូរ៉េខាងជើងធ្លាប់បញ្ជូនទ័ពទៅជួយរុស្ស៊ីនៅតំបន់ខឺស។ ជាការតបស្នង រុស្ស៊ីជួយកូរ៉េខាងជើងផ្នែកបច្ចេកវិទ្យាសម្រាប់អភិវឌ្ឍផ្កាយរណបស៊ើបការណ៍ ឬមីស៊ីល។ ដូចនេះ អាមេរិកស្នើសុំឱ្យរុស្ស៊ីបញ្ចប់ការតបស្នងរបៀបនេះ។
អ្នកនាំពាក្យអាមេរិកថ្លែងថាយើងព្រួយបារម្ភករណីដែលកូរ៉េខាងជើងចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមអ៊ុយក្រែន និងករណីដែលកូរ៉េខាងជើងបញ្ជូនកងទ័ពទៅធ្វើសង្គ្រាម។ ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពទៅរុស្ស៊ីកាលពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤ និងចូលរួមប្រយុទ្ធដោយផ្ទាល់នៅដើមខែធ្នូ ឆ្នាំដដែលនេះ។ របាយការណ៍សម្ងាត់ និងបទវិភាគអំពីស្ថានការណ៍សឹកនៅសមរភូមិមុខបង្ហាញថាកងទ័ពកូរ៉េខាងជើងមិនសូវខ្លាំងប៉ុន្មានទេ។ ប៉ុន្តែពួកគេមានវិន័យ។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិជឿជាក់ថាកូរ៉េខាងជើងបាន និងបន្តទទួលយកជំនួយសេដ្ឋកិច្ច និងបច្ចេកវិទ្យាផលិតអាវុធពីរុស្ស៊ី។ ក្នុងនោះមានបច្ចេកវិទ្យាផលិតនាវាមុជទឹក និងមីស៊ីលជាថ្នូរនឹងការបញ្ជូនគ្រាប់រំសេវ មីស៊ីល និងកងទ័ពទៅរុស្ស៊ី។ លោកសឺហ្គេ សយហ្គូ ជាអតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី។
លោកបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ និងជួបសំណេះសំណាលជាមួយប្រមុខដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន។ លោកទាំង២យល់ព្រមពង្រឹងទំនាក់ទំនងកាន់តែខ្លាំងឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកគីមថ្លែងថាកូរ៉េខាងជើងនឹងបន្តគាំទ្ររុស្ស៊ីដោយឥតលក្ខខណ្ឌនៅក្នុងនយោបាយការបរទេស និងបញ្ហានយោបាយសំខាន់ៗនៅលើឆាកអន្តរជាតិរួមទាំងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនផងដែរ៕