ទុរេនសុវត្ថិភាព: ក.ប.ប. យកសំណាកទុរេននៅផ្សារដើមគរ និងផ្សារនាគមាស វិភាគរកសារធាតុអូរ៉ាមីនអូ

ទុរេនសុវត្ថិភាព: ក.ប.ប. យកសំណាកទុរេននៅផ្សារដើមគរ និងផ្សារនាគមាស វិភាគរកសារធាតុអូរ៉ាមីនអូ

ភ្នំពេញ: មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះត្រួតពិនិត្យចំណីម្ហូបអាហារ និងជាពិសេសផ្លែទុរេនស្រស់ដែលដាក់នៅផ្សារដើមគរ និងផ្សារនាគមាស នាថ្ងៃទី៥ ខែមិថុនា។ បើតាម ក.ប.ប ក្នុងបេសកកម្មនេះ មន្ត្រីជំនាញបានយកសំណាកគំរូ ផ្លែទុរេន ចំនួន៧គំរូ បញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគរកសារធាតុ អូរ៉ាមីន អូ និងបញ្ជាក់ពីអនុលោមភាព។


នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ សាខា ក.ប.ប រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយ លោក ស៊ិន ស៊ីដេត អគ្គនាយករង តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការសហការពីអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការផ្សារដើមគរ និងផ្សារនាគមាស បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យចំណីម្ហូបអាហារ និងជាពិសេសផ្លែទុរេនស្រស់ ក្នុងគោលដៅធានាការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញ ក.ប.ប. បានដកយកគំរូសំណាកម្ហូបអាហារ បន្លែ ផ្លែឈើ ពីផ្សារខាងលើសរុបចំនួន ៥០គំរូ មកវិភាគរកសារធាតុគីមីហាមឃាត់នានា ដោយបានលទ្ធផល អវិជ្ជមាន ហើយសំណាកគំរូចំនួន ៧ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគលម្អិតបន្ថែម។

ក្នុងបេសកកម្មនេះដែរ មន្ត្រីជំនាញបានយកសំណាកគំរូ ផ្លែទុរ៉េន ចំនួន៧គំរូ បញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគរកសារធាតុ អូរ៉ាមីន អូ និងបញ្ជាក់ពីអនុលោមភាពផងដែរ។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញបានបន្តពន្យល់ណែនាំឱ្យអាជីវករត្រូវប្រកបអាជីវកម្មដោយសុចរិត និងស្របតាមបញ្ញត្តិនៃច្បាប់ជាធរមាន ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។

ក.ប.ប បានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។
អគ្គនាយកដ្ឋាន ក.ប.ប. អំពាវនាវអ្នកប្រើប្រាស់មុនទិញទំនិញអ្វីមួយយកទៅប្រើប្រាស់ ឬយកទៅទទួលទាន គួរពិចារណាឱ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តទិញអ្វីមួយ ដូចជា មើលទៅលើការដាក់តាំងលក់ទំនិញ, ការវេចខ្ចប់មានភាពត្រឹមត្រូវដែរឬទេ? និងប្រភពមកពីណាជាដើម ជាពិសេសម្ហូបអាហារដែលមិនមានស្លាកសញ្ញាច្បាស់លាស់៕រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles