ផលប៉ះពាល់ការបិទព្រំដែន៖ បិទព្រំដែនឯកតោភាគី នាំតានតឹងទំនាក់ទំនង សេដ្ឋកិច្ច និងបែកបាក់សហគមន៍

ផលប៉ះពាល់ការបិទព្រំដែន៖ បិទព្រំដែនឯកតោភាគី នាំតានតឹងទំនាក់ទំនង សេដ្ឋកិច្ច និងបែកបាក់សហគមន៍

ភ្នំពេញ ៖ លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា ប្រទេសមួយអាចបិទព្រំដែនជាមួយប្រទេសជិតខាងរបស់ខ្លួនជាឯកតោភាគីបាន ប៉ុន្តែនឹងនាំផលប៉ះពាល់ជាច្រើនដូចជា ធ្វើឱ្យទំនាក់ទំនងជាមួយប្រទេសជិតខាងកាន់តែមានភាពតានតឹង ពិបាកដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងដឹកជញ្ជូន បែកគ្រួសារ ឬសហគមន៍ដែលរស់នៅក្បែរព្រំដែន…ហើយបើចង់បើកឡើងវិញ ត្រូវការចរចាជាផ្លូវការរវាងប្រទេសទាំងពីរ។


តាមរយៈបណ្តាញសង្គមនាថ្ងៃសៅរ៍នេះ ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា បើកម្នាក់ឯងមិនអាចបានដូចពេលខ្លួនបិទនោះទេ លើកលែងតែប្រទេសជិតខាងនោះចង់បានសន្តិភាពនិយម ហើយពេលខ្លះដើម្បីបើកឡើងវិញត្រូវការចាំបាច់ការចូលរួមពីភាគីទីបីជាអ្នកជួយសម្របសម្រួល។ យ៉ាងណាក៏ដោយ ការសម្រេចបិទព្រំដែនជាឯកតោភាគី ពិបាកដល់ការស្ដារជំនឿទុកចិត្តពីប្រទេសជិតខាងទៅថ្ងៃខាងមុខ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញព័ត៌មាន ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងបត់ ត្រូវបានថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ហើយសម្រាប់ច្រកទ្វារតំបន់ទ្វេភាគី និងច្រករបៀងទាំងអស់ ក៏ត្រូវថៃបិទផងដែរ។

សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា ថៃបានបិទនៅវេលាម៉ោងប្រមាណ ៤៖១៦នាទីរសៀលថ្ងៃនេះ ហើយពួកគេថា ចាប់ពីថ្ងៃស្អែកនឹងបើកនៅវេលាម៉ោង ៨ព្រឹករហូតដល់ម៉ោង៤រសៀល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles