ឧបត្ថម្ភ ៥ម៉ឺនដុល្លារ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តជួយមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៨

ឧបត្ថម្ភ ៥ម៉ឺនដុល្លារ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តជួយមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៨

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាបានបន្តឧបត្ថម្ភថវិកាជាលើកទី៨ ដល់មន្ទីរពេទ្យ​កុមារអង្គរ ខេត្តសៀមរាប ចំនួន ៥ម៉ឺនដុល្លារ រួមជាមួយស្បៀង-សម្ភារប្រើប្រាស់មួយចំនួនទៀត ដើម្បីចូលរួម​ចំណែកក្នុង​ការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៣៥០-៤០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ ។

មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប គឺជាមន្ទីរពេទ្យមួយដែល ផ្តល់សេវាថែទាំសុខភាពកុមារឈានមុខមួយប្រកប ដោយ គុណភាពខ្ពស់​ ក្តីមេត្តាករុណា និងមិនគិតកម្រៃ ដែលក្នុងមួយ ថ្ងៃៗ បានជួយសង្គ្រោះ-ព្យាបាល និងថែទាំកុមារ-ទារក ប្រមាណ ៣៥០-៤០០នាក់។ ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅ មន្ទីរពេទ្យនេះ បានផ្តល់សេវាដល់កុមារជាង ១២ម៉ឺន នាក់ ដែល ចំណាយថវិកាប្រមាណជាង ៦លានដុល្លារ។ លក្ខណៈពិសេស មួយទៀតរបស់មន្ទីរពេទ្យ​កុមារអង្គរ គឺឧបត្ថម្ភ កញ្ចប់អាហារជា រៀងរាល់ថ្ងៃដល់គ្រួសារអ្នកជំងឺដែលខ្វះលទ្ធភាព សម្រាប់យក ទៅចំអិនដោយខ្លួនឯង ដែលក្នុងនោះមាន ដូចជា អង្ករ បន្លែ ត្រី សាច់ និងប្រេងជាដើម។

ដោយមើលឃើញពីគុណតម្លៃរបស់មន្ទីរពេទ្យ និងដើម្បីចែក រំលែកក្តីស្រឡាញ់ដល់កុមារ និងអបអរសាទរទិវាកុមារ អន្តរជាតិ និងក្នុងឱកាសនៃការប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រចាំឆ្នាំ២០២៥ ដើម្បីរកមូលនិធិជួយ ដល់ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងនោះ នៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ជាព្រះប្រធាន កិត្តិយស និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តឧបត្ថម្ភជាលើកទី៨ នូវថវិកាចំនួន ៥០.០០០ ដុល្លាររួមជាមួយគ្រឿង ឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥លានរៀលផងដែរ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកនៃមន្ទីរពេទ្យ កុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ ត្រូវ បានបង្កើត​ឡើងក្នុងឆ្នាំ ១៩៩៩ ក្រោមកិច្ចសហការណ៍យ៉ាងជិតស្និទ្ធិជាមួយ​ក្រសួងសុខាភិបាលកម្ពុជា ដើម្បីផ្តល់សេវា ពិនិត្យព្យាបាល និង​ថែទាំសុខភាពកុមារក្រីក្រកម្ពុជាប្រកបដោយគុណភាពខ្ពស់ និងឥតគិតថ្លៃ ចូលរួមជួយពង្រឹង ប្រព័ន្ធសុខាភិបាលតាមរយៈការ​បណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាកនិងបុគ្គលិកសុខាភិបាល ព្រម​ទាំងផ្ដល់ការ អប់រំសុខភាព និងវិធានការការពារជំងឺ​ដង្កាត់​ផ្សេងៗដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ជារៀងរាល់ថ្ងៃ មានកុមារ ប្រមាណពី ៣៥០នាក់ ទៅ ៤០០នាក់ បានមកទទួល​ការ​ព្យាបាលនៅ មន្ទីរពេទ្យកុមារអង្គរ ដែលក្នុងឆ្នាំ ២០២៤​កន្លងទៅ បានផ្ដល់ការព្យាបាលដល់កុមារសរុបប្រមាណជិត ១២ម៉ឺនករណី ហើយបើគិតចាប់ពីមន្ទីរពេទ្យបើកដំណើរការ​រហូតដល់ ពេលបច្ចុប្បន្ននេះ បានផ្ដល់ការព្យាបាលដល់កុមា​រសរុបជិត ៣ លានករណី។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា៖ «មន្ទីរពេទ្យ​កុមារ​អង្គរ ពឹងផ្អែកទាំងស្រុងលើមូលនិធិសប្បុរសធម៌ ដៃគូផ្ដល់​មូលនិធិ ការរៃអង្គាសថវិកា និងសប្បុរសជនទាំងក្នុងនិងក្រៅ​ប្រទេស ដើម្បីទ្រទ្រង់ដល់បេសកកម្មសេវា សុខភាព របស់​មន្ទីរពេទ្យ។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោយភាពឈ្លាសវៃ និងទឹកចិត្តសប្បុរសធម៌ របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា ជានិច្ចជាកាល អ្នកម្តាយមនុស្សធម៌ តែងតែយក​ចិត្ដទុកដាក់ខ្ពស់ និងឧបត្ថម្ភគាំទ្រជានិច្ចដល់មន្ទីរពេទ្យកុមារអង្គរ ដោយចាប់តាំងពីឆ្នាំ២០១៦ រហូតមក ដល់បច្ចុប្បន្ននេះ សរុប ៨លើក គិតជាទឹកប្រាក់មានចំនួនសរុប ២៩ម៉ឺនដុល្លារ និង ១០លានរៀល ដែលនេះបានឆ្លុះបញ្ចាំងពីគុណតម្លៃដ៏មហា​ប្រសើរ និងជាគំរូដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការ​ចូលរួមចំណែក ក្នុងសកម្មភាព សប្បុរសធម៌ ទំនួលខុសត្រូវ​សង្គម និងចេះជួយគ្នាទៅវិញទៅមក ដើម្បីសង្គ្រោះ និងលើក​កម្ពស់សុខុមាលភាពកុមារ កម្ពុជាដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងនៃការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ សម្រាប់ថវិកា ៥ម៉ឺនដុល្លារ របស់កាកបាទក្រហមកម្ពុជា អាចជួយដល់កុមារប្រមាណជាង ១ពាន់នាក់។»

មានមតិក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទ​ក្រហម​កម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយដោយបាន​អញ្ជើញមកដល់មន្ទីរពេទ្យកុមារអង្គរជាថ្មីម្តងទៀត ដើម្បីនាំយក​នូវអំណោយរបស់កាកបាទក្រហមកម្ពុជា មកប្រគល់ជូន​នាពេលនេះ។ ទន្ទឹមនឹងនេះ លោកជំទាវ អគ្គ លេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់​ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិក ទាំងអស់នៃមន្ទីរពេទ្យកុមារអង្គរ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការរងទី១ បានគូស​បញ្ជាក់ពីតួនាទីរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើម​ថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការអង្គការសហ​ប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរ យកចិត្តទុកដាក់បំផុតលើការលើកកម្ពស់​សុខុមាល​ភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែល​ក្នុងនោះការរួម ចំណែកជួយព្យាបាលកុមារកម្ពុជា រាប់ម៉ឺននាក់ តាមរយៈការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យ​កុមារគន្ធបុប្ផា ជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ កាកបាទក្រហម​កម្ពុជា ក៏បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការទប់​ស្កាត់​ជំងឺមិន ឆ្លងចម្បងធំៗចំនួន៤រួមមាន ជំងឺមហារីក ជំងឺរលាកផ្លូវ​ដង្ហើមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ផ្អែមពេក ប្រៃពេក ខ្លាញ់ពេក ការជក់បារី ឬផឹកគ្រឿងស្រវឹង​ជាដើម។ លោកជំទាវ ក៏បានគូសបញ្ជាក់ពី ការសកម្មភាពអប់រំ​ផ្សព្វផ្សាយរបស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាជន ជាពិសេសក្នុងជួរយុវជន ឱ្យមានការយល់ដឹងរួមចំណែកធ្វើឱ្យ​សហគមន៍មានសុខភាពល្អ និងមានភាព ធន់នឹងអាកាសធាតុ​ផងដែរ។

លោកជំទាវ សង្ឃឹមជឿជាក់ថា កម្លាំងមន្ទីរពេទ្យគឺជាផ្នែកមួយនៃ​ការជួយសង្គ្រោះប្រជាជន ហើយប្រជាជនក៏ ជាកម្លាំង ចលករ ដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងពីបញ្ហាសុខភាពនេះដែរ ដើម្បីឱ្យកុមារកម្ពុជាមានសុខភាពល្អ ចាប់តាំង ពីពេលចាប់​កំណើត​ជាទារកក្នុងផ្ទៃ រហូតដល់កើតមកជាកុមារ ជាយុវជន ទៅជាធនធានមនុស្សរបស់សង្គមជាតិ ដែលប្រកបដោយសុខ​ភាព​ល្អមាំមួន និងមានសមត្ថភាពខ្ពស់។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ រួមមាន ៖ ថវិកា ៥ម៉ឺនដុល្លារ, អង្ករ ២តោន, អង្ករសុខភាព ២០កេស, មី ២០កេស, ត្រីខ ៤០០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ចំនួន ២០ឃីត។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ផងដែរ។ ដោយឡែក ឧបត្ថម្ភជូនគ្រួសារកុមារកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត ១កញ្ចប់, ត្រីខ ១យួរ, ទឹកដោះគោប្រអប់ ៦ប្រអប់, ស្ករសរ​ ១គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles