បន្ទាយមានជ័យ ៖ ច្រកទ្វារអន្តរជាតិ និងច្រកតំបន់ព្រំដែនចំនួន៤កន្លែង ត្រូវបានបើកដំណើរការឡើងវិញ តែកែសម្រួលពេលវេលាចេញ-ចូល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យ ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានថ្នាក់ដឹកនាំកម្ពុជាបានណែនាំអោយសម្រួលពេលវេលាចេញចូល បើកច្រកទ្វារព្រំដែននៅម៉ោង៩ព្រឹក បិតទ្វារព្រំដែននៅម៉ោង៤ល្ងាច ដោយឡែក ភាគីថៃត្រូវបានបើកទ្វារព្រំដែនម៉ោង៨ព្រឹក បិតច្រកទ្វារព្រំដែនម៉ោង៤ល្ងាច ។

ក្រោយភាគីថៃបានបិតច្រកទ្វារខ្លងលឹកដោយឯកតោភាគី នៅម៉ោង៤ល្ងាច កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ បណ្តាលប្រជាពលរដ្ឋខ្មែរជាប់គាំង ក្នុងទឹកដីថៃរាប់ពាន់នាក់ ត្រូវបានភាគីកម្ពុជាសម្រេចបិតច្រកទ្វារ នៅម៉ោង៥ល្ងាចទើបភាគីថៃ សម្រេចបើកចេញចូលដល់ម៉ោង៨យប់ ។
លោក វួច អូន ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិស្ទឹងបត់បានបញ្ជាក់ថា ៖ ច្រកទ្វារអន្តរជាតិស្ទឹងបត់ត្រូវបានភាគីថៃបិតច្រកទ្វារព្រំដែនខាងថៃ នៅម៉ោង៤ល្ងាច ដោយឯកតោភាគី ដោយមិនបានជូនដំណឹងកម្ពុជាហើយពេលនេះ ថ្នាក់ដឹកនាំកម្ពុជាសម្រេចកែសម្រួលបើកច្រកនៅម៉ោង៩ព្រឹក បិតម៉ោង៤ល្ងាច ខាងភាគីថៃបើកម៉ោង៨ព្រឹក បិតម៉ោង៤ល្ងាច ពេលនេះដំណើរជាធម្មតារថយន្តថៃ ចេញ.ចូលដឹកទំនិញចូលមកកម្ពុជា១ថ្ងៃ មិនតិចជា២០០គ្រឿង ។

លោក ស៊ីង សេងហ៊ឹង ប្រធានស្នាក់ការត្រួតពិនិត្យច្រកតំបន់ព្រំដែន បឹងត្រកួន និងលោក ស សំណាង ប្រធានស្នាក់ការត្រួតពិនិត្យច្រកតំបន់ព្រំដែនម៉ាឡៃបានប្រាប់ដូចគ្នាថា ៖ ច្រកតំបន់ព្រំដែនបឹងត្រកួន ស្ថិតស្រុកថ្មពួកឈមស្រុកតាប្រាយ៉ា ប្រទេសថៃ ត្រូវបានភាគីថៃបិតដោយឯកតោភាគីនៅម៉ោង១.១០នាទី កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ និងច្រកតំបន់ព្រំដែនម៉ាឡៃស្ថិតស្រុកម៉ាឡៃឈម ស្រុកអារញ្ញប្រថេតប្រទេសថៃ ត្រូវបានភាគីថៃបិតឯកតោភាគីនៅម៉ោង៣.៣០នាទីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ។

ជាក់ស្តែងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកតំបន់ព្រំដែនម៉ាឡៃ និងច្រកតំបន់ព្រំដែនបឹងត្រកួនត្រូវបានភាគីកម្ពុជា.ថៃ បើកដំណើរការធម្មតាឡើងវិញតែកែសម្រួលពេលវេលាការចេញ.ចូល ដោយកម្ពុជាបើកចេញ.ចូលនៅម៉ោង៩ព្រឹក បិតម៉ោង១២រសៀល និងភាគីថៃបើកចេញ.ចូល ម៉ោង៨ព្រឹក បិតម៉ោង១២រសៀល ដូចគ្នាតែច្រករបៀងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ ដែលមានប្រវែង១៥៣គីឡូម៉ែត្រត្រូវបានភាគីថៃបិតទាំងស្រុង៕




