ទីក្រុងកៀវ៖ ថ្មីៗនេះ អ៊ុយក្រែនអះអាងថាខ្លួនបាញ់ធ្លាក់យន្តហោះចម្បាំងដ៏ទំនើបចុងក្រោយរបស់រុស្ស៊ីម៉ាកអែសយូសាមសិបប្រាំ (Su-35)។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍។ ពោលគឺទន្ទឹមនឹងពេលដែលរុស្ស៊ីបញ្ជូនដ្រូន និងមីស៊ីលវាយប្រហារទៅលើទីក្រុងតូច-ធំរបស់អ៊ុយក្រែនផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់យោធាអ៊ុយក្រែន។
យោធាអ៊ុយក្រែនបង្ហោះសារនៅលើតេឡេក្រាមថា «ព្រឹកនេះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពអាកាសរបស់យើងបានបើកប្រតិបត្តិការសឹកប្រកបដោយជោគជ័យនៅតំបន់ខឺស។ យើងបាញ់ធ្លាក់យន្តហោះរុស្ស៊ីម៉ាកអែសយូសាមសិបប្រាំ (Su-35) មួយគ្រឿង»។ យោធាអ៊ុយក្រែនមិនបាននិយាយលម្អិតអំពីហេតុការណ៍នោះទេ។ ចំណែកយោធារុស្ស៊ីក៏មិនទាន់បញ្ចេញប្រតិកម្ម ឬធ្វើអត្ថាធិប្បាយឆ្លើយតបបែបណាដែរចំពោះបញ្ហានេះ។
សូមរំលឹកថាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន, ទីភ្នាក់ងារសម្ងាត់អ៊ុយក្រែន អែសប៊ីយូ (SBU) បានបើកប្រតិបត្តិការវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីជាច្រើនកន្លែងនៅប្រទេសរុស្ស៊ីដែលស្ថិតនៅចម្ងាយជាង៤ពាន់គីឡូម៉ែត្រធ្វើឱ្យឆេះយន្តហោះចម្បាំងជាង៤០គ្រឿង ឬស្មើនឹង១០%នៃយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី។ ក្នុងនោះយន្តហោះទម្លាក់គ្រាប់បែកខ្នាតយក្ស និងយន្តហោះទម្លាក់នុយក្លេអ៊ែរដូចជាម៉ាកធីយូកៅសិបប្រាំ (Tu-95) និងធីយូម្ភៃពីរ (Tu-22) ខូចអស់រាប់សិបគ្រឿង។
យោធាអ៊ុយក្រែនបានបង្ហោះវីឌីអូឃ្លីបដែលថតបានពីលើអាកាសបង្ហាញរូបយន្តហោះអែសយូសាមសិបប្រាំ (Su-35) ដែលបានធ្លាក់នោះ រួមទាំងបំណែករបស់យន្តហោះដែលឆេះនៅក្នុងអណ្ដាតភ្លើង។ ពួកគេមិនបានបញ្ជាក់ថាតើយន្តហោះនេះបាញ់ធ្លាក់នៅត្រង់ចំណុចណា, បាញ់ធ្លាក់ដោយវិធីណា ឬដោយប្រើប្រាស់អាវុធប្រភេទណាទេ ។
ទោះជាយ៉ាងណាក្ដី កាសែតរុស្ស៊ីមានទីស្នាក់ការនៅតំបន់បែលហ្គោរ៉ូត (Belgorod) ផ្សាយថាមានករណីធ្លាក់យន្តហោះម៉ាក Su-35 ពិតប្រាកដមែន។ បណ្ដាញតេឡេក្រាមគាំទ្ររុស្ស៊ីឈ្មោះហ្វាយថឺបំបឺ (Fighterbomber) ចុះផ្សាយថាអាកាសយានិករបស់យន្តហោះនោះបានចុចគន្លឹះឆ័ត្រយោងដើម្បីរំដោះខ្លួនចេញពីគ្រោះថ្នាក់ទាន់ពេលវេលាមុនពេលយន្តហោះធ្លាក់។
អែសយូ សាមសិបប្រាំ (Sukhoi Su-35) ជាប្រភេទយន្តហោះចម្បាំងទំនើបផុតលេខរបស់រុស្ស៊ីជំនាន់ទី៤។ ដូច្នេះ ត្រឹមមីស៊ីលធម្មតាមិនអាចបាញ់ធ្លាក់ទេ ឬបើសិនបាញ់គ្នាលើអាកាសលុះត្រាតែយន្តហោះរបស់ភាគីម្ខាងទៀតនោះទំនើបខ្លាំងមែនទែន។ គេជឿជាក់ថាចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងរហូតមកដល់ពេលនេះ រុស្ស៊ីបាត់បង់យន្តហោះនេះអស់៧គ្រឿង។ ជួនកាលធ្លាក់ដោយសាររុស្ស៊ីបាញ់ច្រឡំខ្លួនឯង, ជួនកាលកំពុងហោះសុខៗធ្លាក់ដោយឥតដឹងមូលហេតុ និងជួនកាលត្រូវទាហានអ៊ុយក្រែនបាញ់ទម្លាក់។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ (Reuters) និងម៉ូស្គូថាមស៍ (The Moscow Times)៕