ទីក្រុងហ្កាហ្សា៖ នៅទីបំផុត យោធាអ៊ីស្រាអែលប្រមូលបានសាកសពជនជាតិថៃដែលត្រូវក្រុមហាម៉ាស់ចាប់ពង្រត់កាលពីខែតុលា ឆ្នាំ២០២៣ និងយកទៅបង្ខាំងទុករហូតដល់ថ្ងៃស្លាប់។ ចំណាប់ខ្មាំងជនជាតិថៃម្នាក់នោះឈ្មោះណាត់តាផុង ភីនតា (Nattapong Pinta)។ គាត់ត្រូវក្រុមប្រដាប់អាវុធប៉ាឡេស្ទីនឈ្មោះមូចាហៃឌីន ប្រ៊ីហ្កាត (Mujahedeen Brigades) ជាអ្នកគ្រប់គ្រង។
សាកសពរបស់ជនជាតិថៃម្នាក់នេះត្រូវគេយកបានពីតំបន់រ៉ាហ្វានៅហ្កាហ្សាខាងត្បូង។ នេះបើយោងតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល។ លោកថ្លែងបន្តទៀតថាក្រុមគ្រួសាររបស់សាកសពចំណាប់ខ្មាំងនេះដែលរស់នៅប្រទេសថៃបានទទួលដំណឹងនេះរួចហើយ។ លោកភីនតាជាពលករចំណាកស្រុកដែលទៅបម្រើការនៅអ៊ីស្រាអែលផ្នែកកសិកម្ម។
កាលពីពេលចាប់ពង្រត់ចេញពីព្រំដែនអ៊ីស្រាអែលនោះ គាត់នៅមានជីវិតរស់នៅនៅឡើយទេ។ ប៉ុន្តែក្រោយមក អ្នកចាប់ពង្រត់បានសម្លាប់គាត់ចោល។ ចំណាប់ខ្មាំង២នាក់ទៀតជាជនជាតិអ៊ីស្រាអែលកាត់អាមេរិកាំងក៏ត្រូវគេសម្លាប់ផងដែរ។ គេបានយកសាកសពទៅប្លុងចោលនៅតំបន់ហ្កាហ្សា ហើយក្រោយមកត្រូវអ៊ីស្រាអែលប្រមូលយកបាននៅសប្ដាហ៍នេះ។
អ៊ីស្រាអែលអះអាងថាការសម្លាប់អ្នកទាំងនេះសុទ្ធតែជាស្នាដៃរបស់ក្រុមដែលមើលការខុសត្រូវលើចំណាប់ខ្មាំងទាំងនេះ។ ពោលគឺមិនមែនស្លាប់ដោយសារជំងឺ ឬដោយសារកត្តាអ្វីផ្សេងទេ។ រហូតមកដល់ពេលនេះ ក្រុមប្រដាប់អាវុធដែលរងការចោទប្រកាន់នោះមិនបានឆ្លើយតប ឬធ្វើអត្ថាធិប្បាយអ្វីទេ។ នៅក្នុងចំណោមចំណាប់ខ្មាំង២៥១នាក់ដែលត្រូវចាប់ពង្រត់កាលពីឆ្នាំ២០២៣នោះ គេជឿជាក់ថានៅសល់២២នាក់ទៀតដែលនៅរស់ និងកំពុងស្ថិតនៅក្នុងដៃរបស់ក្រុមហាម៉ាស់៕
