ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ដោយសូមជម្រាបថា ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ជូនសមភាគីថៃ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។ក្នុងលិខិតនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថាឯកឧត្តមផ្ញើលិខិតនេះ “ក្នុងស្មារតីនៃមិត្តភាព និងប្រកបដោយការប្ដេជ្ញាដ៏ស្មោះត្រង់ ក្នុងការរួមរស់ដោយសន្តិសហវិជ្ជមាន និងសុខដុមរមនា របស់ប្រជាជាតិយើងទាំងពីរ” ។
លិខិតបានលើកឡើងថា៖
“វិវាទព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបន្តអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយ ទោះបីមានយន្តការទ្វេភាគីជាច្រើន និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈក្នុងការដោះស្រាយក៏ដោយ។ គួរឱ្យសោកស្តាយ បញ្ហាដែលពុំទាន់អាចដោះស្រាយទាំងនេះ នៅតែជាប្រភពនៃការយល់ច្រឡំ និងភាពតានតឹង ដែលតែងតែកើតឡើងវិញ និងបង្កឱ្យមានឧប្បត្តិហេតុជាអកុសលជាច្រើន។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅពេលដែលកងកម្លាំងយោធាថៃបានបើកការវាយប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា និងបណ្តាលឱ្យទាហានខ្មែរ ០១ រូបបាត់បង់ជីវិត។ ឧប្បត្តិហេតុនេះ បានបញ្ជាក់បន្ថែមថា ការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាព គឺជារឿងបន្ទាន់។
ដោយសារភាពស្មុគ្រស្មាញ លក្ខណៈប្រវត្តិសាស្ត្រ និងភាពរសើបនៃវិវាទទាំងនេះ យើងឃើញកាន់តែច្បាស់ថា កិច្ចសន្ទនាទ្វេភាគីអាចនឹងមិនគ្រប់គ្រាន់ ដើម្បីទទួលបានដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែង។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា មាគ៌ាទៅមុខដែលសមស្រប និងសន្តិវិធីបំផុតនោះគឺ ការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្ដី។
សេចក្តីសម្រេចដែលចេញដោយតុលាការអន្តរជាតិ ICJ ផ្អែកលើច្បាប់អន្តរជាតិ នឹងផ្តល់ដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង។ សេចក្តីសម្រេចនេះនឹងផ្ដល់ភាពច្បាស់លាស់ដែលត្រូវការចាំបាច់សម្រាប់ព្រំដែនគោករៀងខ្លួនៗរបស់យើង ហើយសំខាន់បំផុតនោះគឺ នឹងជួយជំរុញឱ្យមានបរិយាកាសប្រកបដោយសន្តិភាពយូរអង្វែង ស្ថិរភាព និងកិច្ចសហប្រតិបត្តិការវាងប្រទេសយើងទាំងពីរ។ ដំណើរការនេះក៏នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តទៅវិញទៅមករបស់យើងក្នុងការប្រកាន់ខ្ជាប់នីតិរដ្ឋ ការរក្សាភាពសុខដុមរមនាក្នុងតំបន់ និងការជំរុញវិបុលភាពរួមសម្រាប់ប្រជាជនរបស់យើងនៅក្នុងសហគមន៍អាស៊ាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ ខ្ញុំសូមជំរុញរាជរដ្ឋាភិបាលថៃ ពិចារណាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកវិវាទព្រំដែននេះទៅតុលាការអន្តរជាតិ ICJ។ យើងគួរចាប់យកឱកាសនេះ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់យើងចំពោះកិច្ចសន្ទនាដោយសន្តិវិធី ដំណោះស្រាយតាមផ្លូវច្បាប់ និងអនាគតនៃអ្នកជិតខាងដ៏ល្អ។”
ឆ្លៀតឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់ឡើងវិញជាថ្មីម្តងទៀតអំពីសុឆន្ទៈ និងការតាំងចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្ថិតស្ថេរចេរកាលសម្រាប់បញ្ហាព្រំដែនជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃ។ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺមានគោលបំណងស្វែងរកដំណោះស្រាយដែលយុត្តិធម៌ មិនលំអៀង និងមានអនាគតយូរអង្វែង ដូចដែលឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី បានបកស្រាយយ៉ាងច្បាស់ក្នុងសារលិខិតខាងលើរបស់ឯកឧត្ដម៕ រក្សាសិទ្ធដោយ៖សុទ្ធលី


