ខេត្តបាត់ដំបង ៖ រហូតមកដល់ពេលនេះ ច្រកទ្វារព្រំដែនអន្តរជាតិ «ភ្នំដី» ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ឈមនឹង ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដែលខាងថៃហៅច្រកទ្វារ «ខាវឌីន» បាន និងកំពុងបើកដំណើរការដូចធម្មតាវិញនៅថ្ងៃទី០៨ ខែមិថុនា ក្រោយភាគីថៃ បានប្រកាសបិទជាឯកតោភាគី នៅម៉ោង៤រសៀល និងបើកនៅម៉ោង៨ព្រឹក ។

ប៉ុន្តែភាគីកម្ពុជាបានប្រកាសពន្យារពេលបើកទ្វារច្រករហូតដល់ម៉ោង៩ព្រឹក ដែលជាការឆ្លើយតបទៅនឹង «ភាពទំនើ.ង» របស់ភាគីថៃ ។
ប្រភពព័ត៌មានពីតំបន់ព្រំដែនច្រកទ្វារអន្តរជាតិ «ភ្នំដី» ស្រុកសំពៅលូន បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨ មិថុនាថា កាលពីម្សិលមិញ (០៧ .០៦. ២៤) ភាគីថៃ បានប្រកាសជាឯកតោភាគីបិទច្រកទ្វារព្រំដែនអន្តរជាតិ «ភ្នំដី» និងតាមបណ្ដាច្រកទ្វារឆ្លងព្រំដែនដទៃទៀតនៅម៉ោង៤រសៀល ហើយបានប្រកាសបើកច្រកទ្វារវិញនៅម៉ោង៨ព្រឹក ។ ប៉ុន្តែថ្ងៃទី ០៨ ខែមិថុនា នៅពេលភាគីថៃ ចាប់ផ្ដើមបើកទ្វារច្រកតាមការកំណត់ នៅម៉ោង៨ព្រឹក ស្រាប់តែភាគីកម្ពុជា ប្រកាសពន្យារពេលបើកទ្វារព្រំដែន រហូតដល់ម៉ោង៩ព្រឹក ជាការឆ្លើយតបទៅនឹង«ភាពទំនើ.ង» របស់ភាគីថៃវិញដែលធ្វើឲ្យភាគីថៃឈឺក្បាលវិលមុខមួយចង្ហើមចង្រិតដែរ ។

ការកំណត់ម៉ោងបើកទ្វារព្រំដែនរបស់ភាគីថៃ និងបន្ថែមការពន្យារពេល០១ម៉ោងទៀត ពីភាគីកម្ពុជា ដើម្បីបើកច្រកទ្វារព្រំដែន «ភ្នំដី» នាព្រឹកថ្ងៃទី០៨ ខែមិថុនាខាងលើនេះ គេឃើញមានប្រជាពលរដ្ឋខ្មែរ ព្រមទាំងប្រជាពលរដ្ឋថៃផងដែលត្រៀមឆ្លងដែនទៅមកឈរត្រៀបត្រាទាំងសងខាង ដើម្បីត្រៀមឆ្លងដែនទៅធ្វើការងារ ឬទិញដូរទំនិញ ។

ប៉ុន្តែក្រោយពីភាគីកម្ពុជាពន្យារពេលបើកទ្វារព្រំដែន០១ម៉ោង រហូតដល់ម៉ោង៩ព្រឹក និង ក្រោយពីភាគីទាំង០២បញ្ចប់ ការសម្របស្រួលទើបឆ្នាំច្រកទ្វារព្រំដែនអន្តរជាតិ «ភ្នំដី» ទាំង០២ភាគី ព្រមទាញទ្វារបើកចំហរឲ្យប្រជាពលរដ្ឋនៃប្រទេសទាំង០២ ធ្វើដំណើរឆ្លងកាត់ដូចថ្ងៃធម្មតាវិញ ។
អធិការស្រុកសំពៅលូន លោក ទឹម វិឆ័យ ដែលស្ថិតក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ«ភ្នំដី» នេះដែរបាននិយាយថា ភាគីថៃបានប្រកាសបិទ ឬបើកទ្វារព្រំដែននេះភ្លាមៗជាឯកតោភាគីកាលពីថ្ងៃទី០៧ មិថុនា ។

លោកបានប្រាប់ថា ភាគីថៃ បានប្រកាស់បិទទ្វារព្រំដែន នៅម៉ោង៤រសៀល ហើយបើកដំណើរការវិញនៅម៉ោង៨ព្រឹក ដោយគ្មានការពិភាក្សាជាមួយភាគីកម្ពុជាឡើយ ។ ប៉ុន្តែនៅព្រឹកថ្ងៃទី០៨ មិថុនា នៅពេលភាគីថៃ ទាញទ្វារព្រំដែនបើកតាមការកំណត់នៅម៉ោង៨ព្រឹក ភាគីកម្ពុជា ហាក់នៅទ្រឹងធ្វើមិនដឹងមិនឮជាមួយនឹងទង្វើរបស់ភាគីថៃឡើយ ។
ភាគីកម្ពុជា មិនព្រមទាញទ្វារបើក ហើយថែមទាំងបានពន្យារពេល រហូតដល់ម៉ោង៩ព្រឹក ទើបថ្នាក់ដឹកនាំបញ្ជាឲ្យបើកទ្វារព្រំដែន ដើម្បីឲ្យដំណើរការដូចធម្មតាវិញ ។ លោក ទឹម វិឆ័យ បានបញ្ជាក់ដែរថា នេះជាភារកិច្ច និងកាតព្វកិច្ចរបស់មន្ត្រីអន្តោរប្រវេសន្ត ប្រចាំច្រកទ្វារអន្តរជាតិ «ភ្នំដី» ដែលអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ហើយក៏ជាការឆ្លងតបទៅនឹង«ភាពទំនើ.ង» របស់ភាគីថៃដែរ ។

ជុំវិញករណី ប្រកាសបិទច្រកទ្វារព្រំដែន តាមការកំណត់ពេលវេលាដោយ «ឯកតោភាគី»របស់ភាគីប្រទេសថៃខាងលើនេះ បើតាមប្រភពព័ត៌មានពីមន្ត្រីព្រំដែន ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងក៏ដូចអាជ្ញាធរ នៅតាមបណ្ដាស្រុកជាប់ព្រំដែនផងដែរបានឲ្យដឹងថា ឪសាទនុវាទ ដែលភាគីថៃបានកំណត់នោះបានកើតមានឡើង គ្រប់កន្លែងទាំងអស់នៅតាមបណ្ដាច្រកព្រំដែននានាមិនថា ច្រកទ្វារអន្តរជាតិ ច្រកតំបន់ ឬតាមច្រករបៀងឡើយ ។
ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមមន្ត្រីព្រំដែន បានរាយការណ៌នៅព្រឹកថ្ងៃទី០៨ មិថុនា នេះថា គ្រប់ច្រកទ្វារព្រំដែនទាំងតូច ទាំងធំ បានបើកដំណើរការឆ្លងកាត់ដូចថ្ងៃធម្មតាវិញ តែត្រូវបិទ ឬបើកតាមម៉ោងកំណត់ពីភាគីថៃដដែល ៕


