នយោបាយ «​ឈ្នះ​ឈ្នះ​»​៖ អ្នកនាំពាក្យ​៖ គឺជា​ស្នូល​ដំណោះស្រាយ​បញ្ហា​របស់​ថ្នាក់ដឹកនាំ​យើង​ក្នុង​ការ​ជៀសវាង​សង្គ្រាម​

នយោបាយ «​ឈ្នះ​ឈ្នះ​»​៖ អ្នកនាំពាក្យ​៖ គឺជា​ស្នូល​ដំណោះស្រាយ​បញ្ហា​របស់​ថ្នាក់ដឹកនាំ​យើង​ក្នុង​ការ​ជៀសវាង​សង្គ្រាម​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការ​សម្រួល​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​បញ្ចៀសសង្គ្រាម​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ហៀបនឹង​ផ្ទុះ​ឡើង​ទៅ​ហើយ​នោះ មាន​បងប្អូន​ជនរួមជាតិ​យើង​ជា​ច្រើន​បាន​សាទរ និង​ធូរទ្រូង ប៉ុន្តែ​ក៏​មាន​បងប្អូន​យើង​មួយ​ចំនួន​ហាក់​មិន​អស់ចិត្ត​ចំពោះ​ព័ត៌មាន​នេះ ។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០២៥ ថា ខ្ញុំ​សូម​បងប្អូន​ពិចារណា​លើ​ចំណុច​មួយ​ចំនួន​៖


ទី​១-​ការ​បញ្ចៀស​សង្គ្រាម​ដ៏​ធំ​មួយ​កុំឱ្យ​ផ្ទុះ​ឡើង ដោយ​ភាគី​ទាំង​ពីរ​សុខចិត្ត​សម្រួល​កម្លាំង​រៀង​ៗ​ខ្លួន គឺជា​នយោបាយ​ឈ្នះ​-​ឈ្នះ​មួយទៀត ដែល​ថ្នាក់ដឹកនាំ​យើង​សម្រេច​បាន​សម្រាប់​ប្រទេស​ជាតិ​និង​ប្រជាជន​យើង ។ បើសិនជា​សង្គ្រាម​នេះ​ផ្ទុះ​ឡើង​មែន វា​មាន​ទំហំ​ធំ​ជាង​សង្គ្រាម​ព្រះ​វិហារ​ឆ្ងាយ​ណាស់ ។ មើល​តែ​សព្វាវុធ​ទាំង​សងខាង​ទៅ​ដឹង​ហើយ​។ បើ​វា​ផ្ទុះ​មែន​៖ តើ​អាយុជីវិត​កងទ័ព និង​ប្រជាជន​ស្លូតត្រង់​ប៉ុន្មាន​នាក់​ដែល​ត្រូវ​បាត់បង់? ប៉ុន្មាន​នាក់​ដែល​រង​របួស? ទ្រព្យសម្បត្តិ​អ្វីខ្លះ​ដែល​ត្រូវ​បំផ្លាញ? តើ​ត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន​ទៅ​លើ​សង្គ្រាម​មួយ​នេះ?អាច​និយាយ​បាន​ថា ក្រោយ​ពេល​ផ្ទុះ​សង្គ្រាម​នេះ ប្រទេស​ទាំង​ពីរ​នឹង​ខ្ទេចខ្ទាំ ហើយ​ធ្លាក់ខ្លួន​យ៉ាប់យ៉ឺន​កាន់តែ​ខ្លាំង​ក្នុង​ស្ថានភាព​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជួប​ភាព​ច្របូកច្របល់​យ៉ាង​ខ្លាំង ។

ទី​២-​ក្រោយ​ពេល​ផ្ទុះ​សង្គ្រាម​រួច​ហើយ តើ​បញ្ហា​ព្រំដែន​ទាំង​ប៉ុន្មាន​អាច​ដោះស្រាយ​បាន​ឬទេ? ចម្លើយ​៖ គឺ​មិន​អាច​ដោះស្រាយ​បាន​ទេ ។ មាន​ន័យ​ថា សង្គ្រាម​នេះ ក្រៅពី​បង្ក​ការ​ខូចខាត​ដ៏​ធំ​មហិមា​សម្រាប់​ប្រទេស​ទាំង​ពីរ នៅ​តែ​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ដដែល​។ ដូច្នេះ ការ​បញ្ចៀស​សង្គ្រាម​ដែល​មាន​តែ​លទ្ធផល «​ចាញ់​ចាញ់​» បែប​នេះ គឺជា​ផល​ចំណេញ​ដ៏​ធំ​មួយ ។

ទី​៣-​ដំណោះស្រាយ​បញ្ហា​ព្រំដែន​នៅ​តែ​មិន​អាច​ចៀស​រួច​ពី​ការ​ចរចា​ទ្វេភាគី និង​យន្តការ​ច្បាប់​អន្តរជាតិ​ដដែល ។ ពាក្យបណ្តឹង​របស់​កម្ពុជា​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ( ICJ ) ក៏​នៅ​តែ​ធ្វើ​ដដែល​។ ដី​របស់​យើង​នៅ​តែ​ត្រូវ​បានការ​ពារ និង​ទាមទារ​តាម​ផ្លូវច្បាប់​អន្តរជាតិ និង​តាម​យន្តការ​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ទៅ​បាន ។

ចំណុច​ណា​ដែល​អាច​ចរចា​គ្នា​បាន យើង​នៅ​តែ​បន្ត​ចរចា​គ្នា តាម​យន្តការ​ដែល​មាន​ស្រាប់​ដដែល ។ ថ្នាក់ដឹកនាំ​របស់​យើង​បាន​បញ្ជាក់​ច្បាស់​ថា យើង​ចង់បាន​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​ដែល​ជា​នយោបាយ​សន្តិភាព​និយម ។

ទី​៤-​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​អតីត​នាយក​រដ្ឋមន្ត្រី និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន បាន​និង​កំពុង​ដើរតួ​នាទី​ជា​គំរូ​នៃ​សន្តិភាព​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​តាម​រយៈ​នយោបាយ «​ឈ្នះ​ឈ្នះ​» របស់​សម្តេច​តេ​ជោ និង​ការ​បន្ត​រក្សាសុខ​សន្តិភាព​បាន​យ៉ាង​ល្អ​របស់​សម្តេច​ធិ​បតី ។

ដូច្នេះ ការ​បញ្ចៀស​សង្គ្រាម​មួយ​ដែល​អាច​ចៀសវាង​បាន គឺជា​មហា​ជោគជ័យ​មួយទៀត​សម្រាប់​ប្រទេស​ជាតិ​និង​ប្រជាជន​យើង ។ ឯកឧត្តម​បញ្ជាក់​ថា «​ក្នុង​នាម​កូន​ខ្មែរ យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​ទឹកចិត្ត​ស្នេហា​ជាតិ​យ៉ាង​ពុះកញ្ជ្រោល និង​ប្តូរផ្តាច់​ការពារ​បូរណភាព​ទឹកដី​ដោយ​រួម​គ្នា​ជា​ធ្លុង​មួយ ជា​សំឡេង​តែ​មួយ​ដែល​បង្កើត​បានជា​ខឿន​ការពារ​ជាតិ​ដ៏​រឹង​មាំ​បំផុត ។ យើង​ក៏​មាន​មោទន​ភាព​យ៉ាង​ខ្លាំង និង​មាន​ភាព​កក់ក្តៅ​ណាស់​ដែល​មាន​ថ្នាក់ដឹកនាំ​យើង​ជា​ពិសេស គឺ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​លះបង់​មួយ​ជីវិត​ដើម្បី​បុព្វហេតុ​ការពារ​ទឹកដី​និង​ប្រជាពលរដ្ឋ​ខ្មែរ​។ យើង​ក៏​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ដែល​បានឃើញ​កងទ័ព​ដ៏​អង់អាច​ក្លាហាន​របស់​យើង​ដែល​ប្តូរផ្តាច់​យកអាយុ​ជីវិត​ទៅ​ប្តូរ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​»​។

ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា យើង​មានសំណាង​បាន​រស់នៅ​ក្នុង​សុខ​សន្តិភាព ។ យើង​ផ្តល់​តម្លៃ​ដល់​សន្តិភាព​និង​ស្ថាបនិក​សន្តិភាព​របស់​យើង ហើយ​ពាក្យ​ថា «​អរគុណ​សន្តិភាព​» ត្រូវ​បាន​ព្យួរ​នៅ​គ្រប់​ទិស​ទី ។ ដូច្នេះ យើង​ទាំងអស់​គ្នា​គួរតែ​មាន​មោទនភាព និង​គាំទ្រ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ថ្នាក់ដឹកនាំ​នៃ​យើង​ដែល​អាច​បញ្ចៀស​សង្គ្រាម​បាន​។ កុំ​ដល់​ពេល​មាន​សង្គ្រាម​ទើប​យើង​នាំ​គ្នា​នឹក​ស្តាយស្រណោះ​សន្តិភាព​។

ឯកឧត្តម​បាន​លើ​កល​ឡើង​ថា បេសកកម្ម​ការពារ​បូរណភាព​ទឹកដី​នៅ​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​ដែល​ទាមទារ​ឱ្យ​យើង​ទាំងអស់​គ្នា បន្ត​រួម​គ្នា​ជា​ធ្លុង​មួយ​គាំទ្រ​រាជរដ្ឋាភិបាល និង​កងទ័ព​យើង​ដោយ​ឥត​ងាករេ ។ ដំណោះស្រាយ​បញ្ហា​បូរណភាព​ទឹកដី​ប្រកបដោយ​ទំនុកចិត្ត​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​គឺ យន្តការ​តុលាការអន្តរជាតិ​ដែល​យើង​ទាំងអស់​គ្នា​ផ្តល់​ការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ ។ ដូច្នេះ យើង​ត្រូវ​តែ​បន្ត​ជឿជាក់​និង​គាំទ្រ​រាជរដ្ឋាភិបាល ដើម្បី​សម្រេច​គោលដៅ​របស់​យើង ។ រាជរដ្ឋាភិបាល​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​តាម​មធ្យោបាយ​សន្តិភាព តែ​ម៉ឺងម៉ាត់ និង​ប្តូរផ្តាច់​បំផុត​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា «​យើង​ទាំងអស់​គ្នា​ប្រាកដជា​ចង​ចាំ​ជា​និច្ច​នូវ​ពាក្យ​សន្យា​ជា​ឧឡា​រឹក​របស់​ថ្នាក់ដឹកនាំ​យើង​គឺ «​ប្តេជ្ញា​ការពារ​បូរណភាព​ទឹកដី​មិន​ឱ្យ​បាត់បង់​សូ​ម្បី​មួយ​មី​ល្លី​ម៉ែត្រ​» និង​«​ការពារ​សុខ​សន្តិភាព​ឱ្យ​បាន​ទោះជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ​» ។ នេះ​គឺជា​តម្លៃ​នៃ​ជាតិ​សាសន៍​យើង ពោល​គឺ ថ្លៃថ្នូរ ទន់ភ្លន់ សុភាព​រាបសារ តែ​ដាច់ខាត​និង​ម៉ឺងម៉ាត់​មិន​ឱ្យ​បរទេស​ប្រមាថ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles