រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់ មានជម្លោះដែលស្រុះស្រួលគ្នាជារឿងចាំបាច់ ។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅយប់ថ្ងៃទី៨ ខែមិថុនាយ៉ាងដូច្នេះថា៖«ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់ មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា.ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈា.មទ្រង់ទ្រាយធំ គឺជា រឿងចាំបាច់ » ។
សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះឈ្នះកម្ពុជាបានលើកឡើងថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជា.ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ ។ សម្តេចថា ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់ រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការ នៅអង្គភាពជួរមុខទើបមានលទ្ធផល ដូចពេលនេះ ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បាន សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ ដើម្បីបញ្ជៀសសង្គ្រាមបង្ហូរឈា.ម និងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕