ត្រៀមបង្ការទឹកជំនន់ ២០២៥៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញសេចក្ដីណែនាំពង្រឹងការត្រៀមឆ្លើយតប

ត្រៀមបង្ការទឹកជំនន់ ២០២៥៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញសេចក្ដីណែនាំពង្រឹងការត្រៀមឆ្លើយតប

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៥បានឲ្យដឹងថា យោងសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។


គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមធ្វើការណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីឆ្លើយតបគ្រោះ មហន្តរាយធម្មជាតិក្នុងរដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ និងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ដោយអនុវត្តវិធានការដូចខាងក្រោម៖

កោះប្រជុំសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ដើម្បីពិនិត្យផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ និងបែងចែកកងកម្លាំងជួយសង្គ្រោះ (កងកម្លាំង ទាំង៣ និងប្រជាការពារ) ដោយផ្អែកលើតំបន់តាមគោលដៅភូមិសាស្ត្រដែលបានកំណត់ថាងាយ រងគ្រោះ និងធ្វើការណែនាំអំពីទីតាំងសម្រាប់ជម្លៀសដល់កងកម្លាំងនីមួយៗ ដើម្បីធានាបានថា ប្រតិបត្តិការជួយសង្គ្រោះអាចប្រព្រឹត្តទៅបានទាន់ពេលវេលា។
ណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យកំណត់ ទីទួលសុវត្ថិភាព ក្នុងករណីកើតមានគ្រោះទឹកជំនន់ និងជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានជ្រាប អំពីទីតាំងទីទួលសុវត្ថិភាពទាំងនោះ។

ណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ សង្កាត់ ធ្វើការកំណត់អត្តសញ្ញាណគ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ និងដែលត្រូវការជំនួយសម្រាប់ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពដែលបានកំណត់ធានាឱ្យមានការអន្តរាគមន៍ទាន់ពេលវេលា។
ផ្អែកលើសេចក្តីសម្រេច ស្តីពីការរៀបចំលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត និងក្នុងករណីស្ថានភាពគំរាមកំហែងអាចក្លាយទៅជាគ្រោះមហន្តរាយ ប្រធានលេខាធិការដ្ឋាន រាជធានី ខេត្ត ត្រូវបង្កើតក្រុមឆ្លើយតបបន្ទាន់ ដែលមានតំណាងមកពីមន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីគ្រប់គ្រងដំណើរការឆ្លើយតបគ្រោះមហន្តរាយ។ ក្រុមនេះនឹងត្រូវបានរំសាយនៅពេលដែល គ្រោះមហន្តរាយត្រូវបានដោះស្រាយ។

ចាត់តាំងមន្ត្រីបង្គោលខេត្តឱ្យទទួលបន្ទុកលើការគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ ដើម្បីធានា
ឱ្យមានទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកសារព័ត៌មាន ទាក់ទងនឹងស្ថានភាពគ្រោះមហន្តរាយ។ ណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ សង្កាត់ ត្រូវធ្វើការប្រមូលព័ត៌មានគ្រោះ មហន្តរាយដោយប្រើទម្រង់ “ការប៉ាន់ប្រមាណវាយតម្លៃផលប៉ះពាល់ឆាប់រហ័សនៃផលប៉ះពាល់ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ” និងបញ្ចូនមកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង ស្រុក ខណ្ឌ ដើម្បីបញ្ចូលក្នុងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (PRISM) បានទាន់ពេលវេលា។

ត្រូវធ្វើការតាមដានការព្យាករអាកាសធាតុ និងការព្យាករកម្ពស់ទឹករបស់ក្រសួងធនធានទឹក និង ឧតុនិយម ដើម្បីរៀបចំការណែនាំអំពីដំណោះស្រាយនានា និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាម រយៈប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ និងបណ្ដាញព័ត៌មាននានានៅក្នុងរាជធានី ខេត្ត។ ណែនាំដល់មន្ត្រីបង្គោលទទួលបន្ទុកប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ តាមបណ្តារាជធានី ខេត្ត ត្រូវធ្វើការសិក្សាវាយតម្លៃក្នុងការត្រៀមវិធានការចេញសារជូនដំណឹងដល់ប្រជាពលរដ្ឋ មុនហេតុការណ៍គ្រោះមហន្តរាយកើតឡើងបានទាន់ពេលវេលា។

  • ធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឱ្យយកចិត្តទុកដាក់ និង តាមដានជាប្រចាំនូវការណែនាំដែលបានផ្សព្វផ្សាយតាមរយៈប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រាជធានី ខេត្ត និងថ្នាក់ជាតិផ្សេងទៀត។

ណែនាំដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យធ្វើការផ្សព្វផ្សាយពីប្រការគួរយល់ដឹង ប្រការគួរធ្វើ ដើម្បីក្រុមគ្រួសារមានសុវត្ថិភាព ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមជនងាយ រងគ្រោះ មានដូចជា ស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនមានពិការភាព អ្នកជំងឺរាំរ៉ៃ និងកុមារតូចៗ។ ត្រូវធ្វើការទំនាក់ទំនងជាប់ជាប្រចាំ ជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នូវគ្រប់បញ្ហា ឬការគាំទ្រនានា។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានក្តីសង្ឃឹមយ៉ាងមុតមាំលើស្មារតីទទួលខុសត្រូវ និងកិច្ចសហការខ្ពស់ពីអាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់កម្រិត ក្នុងការ ត្រៀមរៀបចំឱ្យបានល្អ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដល់អាយុជីវិត និងការបាត់បង់ទ្រព្យសម្បត្តិ ពេលកើតមានគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles