យោងតាម ក្រសួងការពារជាតិ នាថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្រសួងការពារជាតិ បានធ្វើការអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ក្រោយសារព័ត៌មានថៃ និងក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ។
ក្នុងនោះ ក្រសួងការពារជាតិ បានបន្ថែមថា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។
ក្នុងន័យនេះ ក្រសួងការពារជាតិសូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន។
ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀសសង្គ្រាមជាយថាហេតុ។
– អរគុណសន្តិភាព !
– អរគុណនយោបាយឈ្នះឈ្នះ !
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ៕
ប្រភព៖ ក្រសួងការពារជាតិ