(ខេត្តសៀមរាប)៖ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ អាជ្ញាធរជាតិអប្សរា បានោ្យដឹងថា ការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា នឹងបញ្ចប់នៅដំណាច់ខែកក្កដាខាងមុខនេះ។ រហូតមកដល់ពេលនេះដំណើរការជួសជុសស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលាបានសម្រេចលទ្ធផលប្រមាណ ៩០ភាគរយហើយ។
អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា រយៈពេលជាង ១៤ខែមកនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនកន្លែងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាដែលធ្លាប់តែទ្រុឌទ្រោមខ្លាំង ឱ្យរឹងមាំឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារបានពង្រឹងគ្រឹះរួចរាល់នៅផ្នែកខាងជើង និងខាងត្បូង រៀបកម្រាលដេញពីលិចទៅកើត ដំឡើងបង្កាន់ដៃនាគ តួខ្លួននាគ ក្បាលនាគចំនួន ៣ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង និងត្បូងជិតរួចរាល់ដែរ។
អ្នកស្រី បឿត សុប៉ាក បញ្ជាក់ទៀតថា បច្ចុប្បន្ន ការជួសជុលនៅផ្នែកខាងជើងរបស់ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាសម្រេចបានប្រមាណជាង ៩០ភាគរយ ដែលនៅសេសសល់ តែការងារខ្លះ ដូចជា ពង្រឹងគ្រឹះនៅផ្នែកខាងកើត ដំឡើងក្បាលនាគ១ទៀត និងកម្រាលនៅផ្នែកគល់ស្ពានខាងកើតប៉ុណ្ណោះ។
កាលពីមិនទាន់ជួសជុល ស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយខ្លួននាគបានរលុះធ្លាក់អស់ ផ្នែកខ្លះនៃគ្រឹះស្ពានបានស្រុត និងមានឬសឈើដុះចាក់ចូលបង្កឱ្យរងការខូចខាត។ បន្ថែមលើនេះ ដោយសារតែកត្តាអាយុកាលនៃសំណង់ ព្រមទាំងកត្តាធម្មជាតិបានធ្វើឱ្យរចនាសម្ពន្ធស្ពានហាលនេះមានសភាពទ្រុឌទ្រោមខ្លាំង។
ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការជួសជុលស្ពានហាលខាងកើតរបស់ប្រាសាទបេងមាលា ក្រោមមូលនិធិពិសេសរបស់គម្រោងមេគង្គ-ឡានឆាង តាំងពីពាក់កណ្ដាលខែឧសភា ឆ្នាំ ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២៥ខាងមុខ។
ក្រុមអ្នកជួសជុលរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលស្ពានហាលនេះ នឹងមានសភាពរឹងមាំសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយ។ បច្ចុប្បន្នស្ពានហាលនេះ មានភ្ញៀវទេសចរបានទៅទស្សនាបណ្តើរៗ ហើយនឹងបើកឱ្យទេសចរឆ្លងកាត់ផង៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា