បេះដូងប្រជាជនកម្ពុជា និងរដ្ឋាភិបាលបានលោ.តក្នុងចង្វាក់តែមួយ ក្នុងការសម្រេចចិត្ត ដើម្បីយករឿងព្រំដែននៅក្នុងតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របីទៅដោះស្រាយ នៅតុលាការយុត្តិធម៌អន្តរជាតិ ។ នេះ គឺជាសារដែលថា កម្ពុជាស្រឡាញ់យុត្តិធម៌ សច្ចភាព និងភាពត្រឹមត្រូវក្នុងការដោះស្រាយជម្លោះដែលមានអាជ្ញាកណ្តាលដែលអាចទុកចិត្តបាន ។
តាមពិតនេះ គឺជារឿងធម្មតា ដែលនៅពេលមនុស្សពីរនាក់ មានទំនាស់ហើយមិនអាចដោះស្រាយជាមួយគ្នាបាន គេចាំបាច់ត្រូវតែរកភាគីទីបី ជាអាជ្ញាកណ្តាល ឬតុលាការ ដែលយល់ថា អាចពឹងពាក់បាន ។ តុលាការយុត្តិធម៌អន្តរជាតិ គឺជាតុលាការដែលមនុស្សគ្រប់គ្នាក្នុងភិភពលោកទទួលស្គាល់ពីភាពត្រឹមត្រូវ និងយុត្តិធម៌ ។ ដូច្នេះភាគីថៃមិនគួរខ្លាចទេ បើសិនជាថៃយល់ថា អ្វីដែលខ្លួនកំពុងធ្វើ គឺត្រឹមត្រូវ ។ ប៉ុន្តែផ្ទុយទៅវិញយោធាថៃ ប្រើវិធីគាបសង្កត់ដោយប្រកាសបិទព្រំដែនមួយចំនួនជាឯកតោភាគី ដែលប៉ះពាល់ដល់ប្រជាជនរវាងប្រទេសទាំងនេះ ។ នេះមិនមែនជាវិធីល្អទេ នៅក្នុងការដោះស្រាយជម្លោះ ។
ឥឡូវនេះ រដ្ឋាភិបាលថៃហាក់ដូចជា រលាស់ខ្លួនចេញពីទំនួលខុសត្រូវរឿងភាពតានតឹងនៅព្រំដែនជាមួយនឹងកម្ពុជា ហើយដោយប្រគល់តួនាទី និងការសម្រេចចិត្តជូនកងទ័ព ហើយម្សិលមិញនេះ កងទ័ពថៃបានបិទព្រំដែនមួយចំនួនជាឯកតោគី ។ រឿងកងទ័ពថៃបិទ គឺជាសិទ្ធិរបស់គេ ប៉ុន្តែនៅកម្ពុជាយើងក៏មានសិទ្ធិឆ្លើយតបវិញដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងគួរតែដោះស្រាយបញ្ហាដោយសន្តិវិធី ។
ក្រោយពេលដែលកងទ័ពថៃប្រពឹត្តិការបិទព្រំដែនជាឯកតោភាគីបែបនេះ ពលរដ្ឋនៅកម្ពុជាប្រតិកម្ម ហើយបានបញ្ចេញយោបល់ និងទស្សនៈព្រោងព្រាធនៅលើបណ្តាញសង្គមរហូតដល់សម្តេចតេជោ ដែលជាព្រឹទ្ធបុរសខាងនយោបាយនៅក្នុងប្រទេស និងនៅក្នុងតំបន់បានចេញមុខភ្លាម ដោយព្យាយាមប្រាប់ពលរដ្ឋឲ្យចេះចាស់ទុំនៅក្នុងការដោះស្រាយបញ្ហា ។
សម្តេចតេជោ បានបង្ហោះសារនៅលើបណ្តាញសង្គមថា« ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ រក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារ តែហ្មឺងម៉ាត់ មិនទុកឲ្យបរទេសប្រមាថ» ។ សម្តេចតេជោ បានលើកឡើងថា នាយករដ្ឋមន្ត្រី សម្តេចធិបតីហ៊ុន ម៉ាណែត និងខ្លួនសម្តេចបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍ ។
សម្តេចតេជោ បានបន្តថា ការដែលកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគី មុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ ។
សម្តេចតេជោ ក៏បានលើកឡើងថា សម្តេចគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជា ប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការមិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ ។ ប៉ុន្តែកុំភ្លេចថា ទំនិញកម្ពុជាទៅថៃតែមួយភាគទេ ប៉ុន្តែទំនិញថៃហូរចូលកម្ពុជា គឺច្រើន ។ នេះ គឺជាសក្ខីកម្មពិតប្រាកដ ហើយនៅក្នុងករណីដែលថៃបិទព្រំដែនកុំគិតថា កម្ពុជាខ្វះទំនិញប្រើប្រាស់ពីព្រោះនៅពេលនេះ ច្រកនាំចេញនាំចូលកម្ពុជា គឺទូលំទូលាយច្រើនជាងពីមុនខ្លាំងណាស់ ប៉ុន្តែសួរថា ការបិទនេះប៉ះ ឬមិនប៉ះ គឺវាប៉ះទាំងសងខាងគ្រាន់តែខាងណាធ្ងន់ជាង គឺយើងអាចដឹងបាន ។
ពាក់ព័ន្ធនឹងទំនាស់នេះដែរ កាលពីថ្ងៃសៅរ៍ សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែង ដោយសេចក្តីសង្ឃឹមថា នឹងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ។ សម្តេចធិបតីលើកឡើងថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ។ សម្តេចបានបន្ថែមថា ការសម្រេចចិត្តរបស់កម្ពុជាយកតំបន់រសើបទៅតុលាការយុត្តិធម៌អន្តរជាតិ គឺស្វែងរកដំណោះស្រាយដោយសន្តិវិធី និងអចិន្ត្រៃយ៍ចំពោះបញ្ហាព្រំដែននៅក្នុងតំបន់ទាំងនោះជាជាងការទុកបញ្ហាឱ្យនៅមានភាពមិនច្បាស់លាស់ ក្នុងរយៈពេលយូរ ដែលអាចនាំឱ្យមានជម្លោះប្រដាប់អាវុ.ធថ្មី ។
សម្តេចធិបតី នៅតែបន្តដដែលៗថា កម្ពុជានឹងបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែងព្រំដែន និងកំណតព្រំដែនដែលនៅសល់ដោយប្រើយន្តការទ្វេរភាគីដដែលទេ ។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅក្នុងនាមជា ប្រធានអាស៊ានក្នុងឆ្នាំ២០២៥ បានបង្ហោះនៅលើបណ្តាញសង្គម Xកាលពីថ្ងៃសុក្រថា លោកបានសុំអោយកម្ពុជា និងថៃដោះស្រាយភាពតានតឹងព្រំដែនដោយសន្តិភាព ។ លោក អាន់វ៉ា បាននិយាយថា «ខ្ញុំជំរុញឱ្យប្រទេសកម្ពុជា និងថៃ បន្តអនុវត្តការអត់ធ្មត់ចាត់វិធានការ ដើម្បីកាត់បន្ថយភាពតានតឹង និងធ្វើការឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងទូលំទូលាយ» ។
សរុបសេចក្តីទៅ យើងគួរពង្រឹងគោលជំហររក្សាភាពស្ងប់ស្ងាត់ ហើយត្រៀមខ្លួនឲ្យហើយដើម្បីទប់ទល់នឹងស្ថានការណ៍ដែលអាចនឹងវិវត្តន៍ទៅមុខធ្ងន់ធ្ងរជាងនេះ ដោយម៉ឺងម៉ាត់កុំឆេងកុំឆាវ ហើយកុំធ្វើ ឬសម្តែងអ្វីដែលជាឥរិយាបទយកសាំងទៅជះដាក់លើភ្លើង ។
នៅក្នុងសភាពការណ៍នេះ រក្សាជំហរ និងប្រុងប្រៀបគ្រប់យុទ្ធវិធី ទាំងពលរដ្ឋនិងរដ្ឋាភិបាល ឆ្លើយតបនឹងបញ្ហាលឿនរហ័ស និងមានប្រសិទ្ធភាព គឺជារឿងសំខាន់បំផុត ៕