យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានោ្យដឹងថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍សាធារណរដ្ឋកូរ៉េ ពិនិត្យលទ្ធភាពពង្រីកការហោះហើរត្រង់ និងជាប្រចាំមកខេត្តគោលដៅទេសចរណ៍ និងវិនិយោគទាំងពីររបស់កម្ពុជា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines នៃសាធារណរដ្ឋកូរ៉េស្នើសុំបន្តជួយ ព្រមទាំងពិនិត្យលទ្ធភាពពង្រីកបន្ថែមទៀតតាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់ប្រជាជន និងវិនិយោគិនកូរ៉េ និងអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ការគូសបញ្ជាក់របស់ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសទទួលជួបពិភាក្សាការងារពីកិច្ចសហប្រតិបត្តិទេសចរណ៍ជាមួយលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរូមចំណែករបស់ក្រុមហ៊ុនលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់រហូតមក៕
ប្រភព៖ ក្រសួងព័ត៌មាន