បទល្មើសនេសាទ៖ ជនសង្ស័យឆក់ត្រីវាយសហគមន៍នេសាទរបួសនៅស្ទឹងត្រែង ត្រូវបញ្ជូនទៅពន្ធនាគារ

បទល្មើសនេសាទ៖ ជនសង្ស័យឆក់ត្រីវាយសហគមន៍នេសាទរបួសនៅស្ទឹងត្រែង ត្រូវបញ្ជូនទៅពន្ធនាគារ


ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ត្រូវ​បាន​កម្លាំង​នៃ​ខណ្ឌ​រដ្ឋ
បាល​​ជលផល​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥ ក្រោយ​បញ្ចប់​សំណុំរឿង​ករណី​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ឆក់​ល្មើសច្បាប់ ព្រមទាំង​បង្ក​ហិង្សា​វាយប្រហារ​ទៅ​លើ​ក្រុម​សហគមន៍​នេសាទ បណ្ដាល​ឲ្យ​រង​របួស​ចំនួន​ពីរ​នាក់​ផង​ដែរ​។



បើ​តាម​ការ​រៀបរាប់​របស់​សហគមន៍​នេសាទ​បាន​រៀបរាប់​ពី​ដំណើររឿង​ថា កាលពី​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​២០​និង​១០​នាទី ក្រុមការងារ​អភិរក្ស​ត្រី​មេ​ពូជ​ប៉ុស្តិ៍​កោះ​សំពាយ ដោយ​មានការ​ចូលរួម​ពី​សហគមន៍​កាំ​ង​ដីស កោះ​សំពាយ ភូមិ​ស្វាយ នឹង​ឆ្នាំ​ទន្លេ​អភិរក្ស​សត្វ​ផ្សោត​ប៉ុស្តិ៍​កោះ​សំពាយ បាន​ចុះ​ល្បាត​នៅ​ចំណុច​កាំ​ង​គ្រឹ​ង​ស្ថិត​នៅ​ភូមិ​កាំ​ង​ក្ងោក ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។


លុះដល់​ម៉ោង​០៣ និង​៤៥​នាទី​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៥ ក៏​បាន​ប្រទះ​ឃើញ​ទូក​ឆក់​ត្រី​ចំនួន​០១​គ្រឿង មាន​គ្នា​០៣​នាក់​កំពុង ធ្វើ​សកម្មភាព​នេសាទ​ត្រី​ដោយ​ប្រើប្រាស់​ឧបករណ៍​ឆក់​នៅ​ចំណុច​កាំ​ង​ក្រាស់ ស្ថិត​នៅ​ភូមិ​កាំ​ង​ក្ងោក ឃុំ​កាំ​ង​ចាម​ស្រុក​ថា​ឡាបរិ​វ៉ា​ត់ ខណៈ​ពេល​នោះ ក្រុមការងារ​បាន​ហៅ​ឱ្យ​ឈប់​មិន​ព្រម​ឈប់ ហើយ​ក្រុមការងារ​ក៏​បាន​បើកទូក​ចូល​ទៅ​ជិត តែ​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​បើកទូក​រត់គេច ។

លុះដល់​ចំណុច​កន្ទុយ​កោះ​គ្រឿង ទូក​ជនសង្ស័យ​បាន​បើក​មក​កៀរ​ទូក​របស់​ក្រុមការងារ ក្នុង​គោលបំណង​បុក​ពន្លិច ហើយ​បាន​យក​ថ្នង​សម្រាប់​ដួស​ត្រី និង​ច្រ​វ៉ា​ទូក​វាយ​មក​លើ ក្រុមការងារ​បណ្តាល​ឱ្យ​សហគមន៍​នេសាទ​០២​នាក់ រង​របួស​ក្បាល​និង​ដៃ ។ ប្រជា​សហគមន៍​ដដែល​បន្ត​ទៀត​ថា ស្ថិត​ក្នុង​សកម្មភាព​នោះ ក៏​មានការ​ប្រតាយប្រតប់​គ្នា​រហូត​ធ្វើ​ឱ្យ​ជនសង្ស័យ​ម្នាក់​រង របួស​ក្បាល​នឹង​បាន​លិច​ទូក​០២​គ្រឿង ទូក​ជនសង្ស័យ ០១គ្រឿង និង​ទូក​សហគមន៍​០១​គ្រឿង​។ គ្រាហ៍​លិច​ទូក​នោះ​ដែរ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ចំណែក​២​នាក់​ទៀត​ហែល​គេចខ្លួន​។



ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ បាន​បញ្ជូន​មក​កាន់​មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល ដើម្បី​បន្ត​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ មន្ត្រី​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ជនសង្ស័យ​ស្ថិត​ក្នុង​ការ​ឃាត់ខ្លួន​ឈ្មោះ​លឿន ខាន ភេទ ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីកន្លែង​កំណើត​ភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​កាំ​ង​ក្ងោក ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។

រីឯ​វត្ថុ​តាង​រឹបអូស​រួម​មាន ១.​ទូក​ឈើ​ចំនួន ០១​គ្រឿង ប្រវែង ៧​ម៉ែត្រ និង​០.៥​សង់ទីម៉ែត្រ​២. ម៉ាស៊ីន​ម៉ាក Hyundai កំលាំង​១៨​សេស ចំនួន​០១​គ្រឿង (​ធ្លាក់​ចូល​ទន្លេ​)៣. អា​គុយ​ចំនួន​០១​គ្រឿង​(​ធ្លាក់​ចូល​ទន្លេ​)៤.​ក្បាល​ឆក់​ចំនួន​០១​គ្រឿង (​ធ្លាក់​ចូល​ទន្លេ​)៥.​ថ្នង​សម្រាប់​ដួស​ត្រី​ចំនួន​០១​គ្រឿង​៦. គ្រាប់កាំភ្លើង​កែ​ច្នៃ​ចំនួន ១៤​គ្រាប់​៧. ខ្សែកាប​ប្រវែង​៥​ម៉ែត្រ និង​ខ្សែភ្លើង​ប្រវែង​១០​ម៉ែត្រ​៨. ត្រី​ចម្រុះ​ប្រមាណ​១០​គីឡូក្រាម (​សល់​ពី​លិច និង​អណ្តែត​ទឹក​)៩.​និង​គ្រឿងញៀន​០១​កញ្ចប់​តូច​។

នាយ​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង​លោក ស្រី សំ​វិចិត្រ បាន​ចាត់​ទុក​សកម្មភាព​នេះ ជាទ​ង្វើ​ខុសឆ្គង​ដ៏​ធំ​បំផុត ទី​១.​ប្រព្រឹត្ត​បទល្មើស​ឆក់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​ដែល​ច្បាប់​បាន​ផ្សព្វផ្សាយ​ហាមឃាត់​។ ទី​២.​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​សហគមន៍​នេសាទ​បណ្ដាល​ឲ្យ​រង​របួស​ចំនួន​ពីរ​នាក់​ថែម​ទៀត​ផង​។

លោកនាយ​ខណ្ឌ​បាន​បញ្ជាក់​ថា ក្រុមការងារ​សហគមន៍​នេសាទ និង​មន្ត្រី​រដ្ឋបាល​ជលផល​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ដែល​បាន​គេចខ្លួន​នោះ​រួច​មក​ហើយ ។ លោក​បញ្ជាក់​ពី​គោល​ជំហរ​យ៉ាង​ម៉ឹង​ម៉ាត់​ថា នឹង​ត្រូវ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​គេចខ្លួន​ទាំងនោះ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាន​តែ​បាន​។

លោក​ក៏​បាន​បញ្ជាក់​អំពី​ច្បាប់​ស្ដី​ពី​ជលផល​ដែល​ថា សំណុំរឿង​បទល្មើស​ជលផល​ខាងលើ ដែល​ប្រព្រឹត្ត​ដោយ​ឈ្មោះ​ខាងលើ គឺជា​អំពើ​ល្មើស​នឹង​មាត្រា​២០ ចំណុច​០១​នៃ​ច្បាប់​ស្តី​ពី ជលផល​ដែល​ប្រកាស​ឲ្យ​ប្រើ​តាម​ព្រះរាជក្រម​លេខ ន​ស​/​រកម​/០៥០៦ /១១ ចុះ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០០៦ នឹង​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៩៨ ចំណុច​៤​នៃ​ច្បាប់​ស្តី​ពី​ជលផល ដោយ​ត្រូវ​ដាក់​ពន្ធនាគារ ពី​(៣)​ឆ្នាំ ទៅ​(៥) ឆ្នាំ និង​វត្ត​តាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles