រាជធានីភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា កងកម្លាំងគ្រប់ប្រភេទដែលឈរជើងការពារទឹកដី នៅតាមបណ្តាយោធភូមិភាគ និងទិសនានា ខ្ញុំបានស្វែងយល់យ៉ាងច្បាស់ពីទឹកចិត្តដ៏អង់អាចក្លាហាន ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់ឯកឧត្តម ហ៊ុន ម៉ានី នៅយប់ថ្ងៃទី៨ មិថុនា បានសរសេរយ៉ាងដូច្នេះថា ក្នុងបេសកកម្មចុះទៅសាកសួរទុក្ខកងកម្លាំងគ្រប់ប្រភេទដែលឈរជើងការពារទឹកដី នៅតាមបណ្តាយោធភូមិភាគ និងទិសនានា ខ្ញុំបានស្វែងយល់យ៉ាងច្បាស់ពីទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូន ។
ឯកឧត្តមបានបញ្ជាក់ថា៖« បើទោះបីជាយើងកំពុងរស់នៅយ៉ាងក្សេមក្សាន្ត ក្នុងសន្តិភាពពេញបរិបូរណ៍ជាង ២ទសវត្សរ៍ចុងក្រោយនេះក៏ដោយ ស្មារតី និងឆន្ទៈមោះមុតរបស់វីរកងទ័ពកម្ពុជា នៅពោរពេញដោយថាមពល និងអានុភាពមិនថមថយ» ។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ «យើងទាំងអស់ជឿជាក់ ហើយនៅគាំទ្រដល់បងប្អូនទាំងអស់ ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដី ការពារសន្តិភាព និងសមិទ្ធផលទាំងឡាយដែលបុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុនរបស់យើងបានខិតខំកសាង និងបន្សល់ទុកដល់ពួកយើងយ៉ាងលំបាកលំបិនបំផុត» ។

ជាមួយគ្នានោះដែរ ឯកឧត្តមបានសូមសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជាទីបំផុតជូនចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដោយមនោសញ្ចេតនាដឹងគុណ និងកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុត៕

