រាជធានីភ្នំពេញ ៖ ប្រមុខក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹងការប្រឈមមុខគ្នា ។ ការលើកឡើងរបស់ឯកឧត្តម ទៀ សីហា ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានឲ្យដឹងថាកងទ័ពកម្ពុជា ថៃ បានសម្រេចកែសម្រួលនៅតាមព្រំដែន ។
ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានសរសេរលើកបណ្តាញសង្គម យប់ថ្ងៃទី៨ មិថុនា ឆ្នាំ២០២៥ថា៖«ថ្ងៃនេះ យើងរកបានចំណុចកណ្តាលមួយ ដែលកងទ័ពយើងទាំងពីរបានឯកភាពគ្នា ក្នុងការសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងសម្រួលឲ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន» ។
ប្រមុខក្រសួងការពារជាតិ បានលើកឡើងថា កងទ័ពកម្ពុជា គឺឈរលើដែនអធិបតេយ្យភាពក្នុងកិច្ចការការពារបូរណភាពទឹកដីរបស់ខ្លួន ការចល័តកម្លាំងនៅតាមបណ្តាព្រំដែន គឺដើម្បីការពារបូរណភាពទឹកដីតែប៉ុណ្ណោះ កម្ពុជាមិនមានមហិច្ឆតាឈ្លានពានប្រទេសណាមួយនោះឡើយ៕