រាជធានីភ្នំពេញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីគម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិកត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៥។
ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់ កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤ គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភានេះ រួមមាន៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស ៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ -ទីតាំង៖ ស្រុកអូររាំង ខេត្តមណ្ឌលគិរី
-ទុនវិនិយោគ៖ ប្រមាណ២០៧លានដុល្លារអាម៉េរិក -បង្កើតការងារ៖ ១៤៤កន្លែង។
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស ៖ គម្រោងពង្រីកផលិតកម្មផលិតសំបកកង់រថយន្ត
-ទីតាំង៖ តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង
-ទុនវិនិយោគបន្ថែម៖ ប្រមាណ២៤៤លានដុល្លារអាមេរិក។
គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុគីមីសម្រាប់វិស័យឧស្សាហកម្ម
-ទីតាំង៖ តំបន់សេដ្ឋកិច្ចពិសេស ហ័រសាំង អ៊ិនធើណេសិនណាល ខេត្តស្វាយរៀង -ទុនវិនិយោគ៖ ប្រមាណ២០លានដុល្លារអាម៉េរិក
-បង្កើតការងារ៖ ៤៦១កន្លែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី


