អង្គរ៖ ឯកឧត្តម សាយ សំអាល់ ជំរុញរៀបចំលក្ខខណ្ឌប្រើប្រាស់ដី និងនគរូបនីយកម្ម ដើម្បីទាក់ទាញទេសចរ និងអភិរក្សបេតិកភណ្ឌ។

អង្គរ៖ ឯកឧត្តម សាយ សំអាល់ ជំរុញរៀបចំលក្ខខណ្ឌប្រើប្រាស់ដី និងនគរូបនីយកម្ម ដើម្បីទាក់ទាញទេសចរ និងអភិរក្សបេតិកភណ្ឌ។

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលធ្វើឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ថា ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺសំដៅស្វែងរកការឯកភាពគ្នា ការពារឧត្តមប្រយោជន៍នៃការអភិរក្ស និងលើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរ បង្កលក្ខណៈឱ្យភ្ញៀវទេសចរមកកម្សាន្ត និងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់កម្ពុជា។

ឯកឧត្តមបានបន្តថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជាភាគច្រើន គឺចង់មកទស្សនាប្រាសាទអង្គរវត្ត ដូចនេះយើងត្រូវគិតគូរការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីនៅក្នុងតំបន់រមណីយដ្ឋានអង្គរបែបណាឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋមានភាពស្អាត មានរបៀប មានសណ្ដាប់ធ្នាប់ កន្លែងលក់ដូររបស់ពួកគាត់ស្អាត និងមានអនាម័យ។ ពេលភ្ញៀវទេសចរគេមកដល់មានអារម្មណ៍ស្រស់ស្រាយ ដែលជាចំណែកទាក់ទាញភ្ញៀវទេសឱ្យមកកាន់តែច្រើនជាងនេះ។ ឯកឧត្តមបន្តថា នៅរសៀលនេះ យើងជួបអ្នកអនុវត្តច្បាប់ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ហើយជាបន្ទាប់យើង និងជួបជាមួយប្រជាពលរដ្ឋចំនួន១១៤ភូមិនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីចង់បានការឯកភាពគ្នា ជាការពិគ្រោះយោបល់ប្រមូលធាតុចូល ដើម្បីជាការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់អង្គរ ហើយនឹងបង្ហាញថា ភូមិនិមួយៗអាចធ្វើអ្វីបានខ្លះ មិនអាចធ្វើអ្វីបានខ្លះ។

នេះជាជំហានថ្មីមួយទៀតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ក្នុងការស្វែងរកការឯកភាពគ្នា ទាំងស្មារតី និងគោលការណ៍រួម លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយធ្វើការពិនិត្យឡើងវិញនូវរបៀបរបបការងារ លិខិតបទដ្ឋានគតិយុត្តិ របៀបរបបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ការពារបេតិកភណ្ឌ ឱ្យមានការយល់គ្នាកាន់តែច្រើនជាងមុនរវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ស្របទៅតាមកិច្ចការបេតិកភណ្ឌ និងជាមួយអន្តរជាតិ ក្នុងស្មារតីការពារ និងអភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ ឱ្យស្របទៅតាមប្រសាសន៍សម្តេចធិបតីលើការរៀបចំផ្ទះសំបែងឱ្យរៀបរយ និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles