បណ្ណាល័យ សម្ដេច ក្រឡាហោ ស ខេង: យុវជនជាង ៤០០នាក់ ងាកមកចាប់អារម្មណ៍អានសៀវភៅកើនឡើង

បណ្ណាល័យ សម្ដេច ក្រឡាហោ ស ខេង: យុវជនជាង ៤០០នាក់ ងាកមកចាប់អារម្មណ៍អានសៀវភៅកើនឡើង

(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា យុវជនកាន់តែច្រើនឡើង បានងាកមកចាប់អារម្មណ៍ចូលអានសៀវភៅកាន់តែច្រើនឡើង ក្រោយពី បណ្ណាល័យសម្ដេច ក្រឡាហោ ស ខេង បើកដំណើរការ។

ចាប់ពីបើកដំណើរការរយៈពេលពីរខែ ឃើញមានអ្នកចាប់អារម្មណ៍ចូលអានសៀវភៅ ក្នុងបណ្តាល័យសម្តេច ក្រឡាហោម ស ខេង កាន់តែច្រើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលមកទល់ពេលនេះមានអ្នកចូលអានបានប្រមាណជាង ៤០០នាក់ហើយ ដែលភាគច្រើនជាយុវជន នេះបើតាមមន្រ្តីបណ្ណារក្សប្រចាំការនៅទីនោះ។

កញ្ញា អឿម លីនដា បណ្ណារក្ស នៃបណ្ណាល័យសម្ដេច ក្រឡាហោ ស ខេង ខេត្តបាត់ដំបង បានបន្ថែមថាក្នុងចំនួនអ្នកអានខាងលើនេះ មានព្រះសង្ឃ សិស្ស និស្សិត និង សាធារណជនទូទៅផងដែរ ។ កញ្ញាបន្តថាពួកគាត់បានយល់ដឹងពីអត្ថប្រយោជន៍ច្រើននៃការអានសៀភៅ ដែលបានផ្តល់ ទាំងផ្នែកស្មារតី និងផ្នែកចំណេះដឹង ។ មួយទៀត ការអានសៀវភៅកាន់តែច្រើន វាអាចបំផុសគំនិតឱ្យស្រលាញ់ការអាន កាន់តែច្រើន ហើយអាច ជួយអភិវឌ្ឍន៌ចំណេះដឹងគាត់បានកាន់តែប្រសើរ និងមានភាពទូលំទូលាយដែលកើតឡើងពីការអាន ។

ចំពោះបណ្ណាល័យសម្ដេច ក្រឡាហោ ស ខេង ចាប់ផ្ដើមបើកដំណើរការបានរយៈពេលពីខែមកហើយ ដែលមានសៀវភៅជិត៩០០ ក្បាល សម្រាប់ សិស្ស និស្សិត យុវជន និងសាធារណជនទាំងអស់ចូលរួមអានដោយសេរីបាន មានទីតាំងលើសួនសម្ដេចក្រឡាហោ ស ខេង ត្រើយខាងកើតនៃស្ទឹងសង្កែ ផ្ទាល់តែម្ដង ដែលមានមន្រ្តីបណ្ណារក្ស ៤នាក់ បម្រើការនៅទីនោះជាប្រចាំ ។

យុវជន វ៉ា មករា អាយុ ១៩ឆ្នាំ សិស្សថ្នាក់ទី១២ នៃសាលាបញ្ញាសាស្រ្ដកម្ពុជា បានប្រាប់ថា នេះជាលើកទី៣ហើយដែលបានមកអានសៀវភៅនៅបណ្ដាល័យ សម្ដេច ស ខេងនេះការបង្កើតបណ្ណាល័យសម្រាប់សិស្ស និស្សិតចូលអានបែបនេះជាការល្អ ដោយកាលពីមុនមិនពុំធ្លាប់មានបណ្ណាល័យស្អាតបែបនេះទេ ។ និស្សិតរូបបានបន្ថែមថា ការសៀវភៅធ្វើឱ្យយើងទទួលបានចំណេះដឹងថ្មីៗ និងបង្កើនការស្រាវជ្រាវបន្ថែមទៀតលើមុខវិជ្ជាដែលបានសិក្សានៅសាលាជាដើម ។ ដូច្នេះហើយសិស្សនិស្សិត ពេលទំនេរគួរមកអានសៀវភៅឱ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង។

បើតាមបណ្ណារក្ស កញ្ញា អឿម លីនដា ឱ្យដឹងថាបណ្ណាល័យ សម្ដេច ក្រឡាហោ សខេង សាធារណជនអាចអញ្ជើញមកអានបាន ចាប់ពីម៉ោង ០៧ : ០០ដល់ម៉ោង ១១ : ៣០ នាទី ពេលរសៀលចាប់ពីម៉ោង ០២:៣០នាទី ដល់ម៉ោង ០៥ ៣០នាទី ។ បច្ចុប្បន្នបណ្ណាល័យ មានសៀភៅ ៨៦៧ ក្បាល ដូចជាសៀវភៅ រឿងនិទានសម្រាប់កុមារ សៀវភៅនយោបាយ សៀវភៅច្បាប់ សៀវភៅពាក់ពន្ធ័នឹងការលើកទឹកចិត្ត សៀភៅទាំងអស់នេះ សុទ្ធសឹងតែជាការចូលរួមបរិច្ចាគពីសប្បុរសជន ។

កញ្ញា ចំរើន សុវណ្ណនារី និស្សិតមួយរូបរស់នៅក្រុងបាត់ដំបង បានលើកឡើងថា ការបង្កើតបណ្ណាល័យនេះឡើងល្អ សម្រាប់ឱ្យសាធារណជន. សិស្ស និស្សិតចូលមកអានសៀវភៅ ដើម្បីឱ្យបង្កើតចំណេះដឹងកាន់តែទូលំលាយបន្ថែមទៀត តាមរយៈទម្លាប់ស្រលាញ់នៃការអាន ។
កញ្ញា ក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ពិសេស សិស្សនិស្សិត ចូលរួមអានសៀវភៅឱ្យបានច្រើន ព្រោះឥឡូវនេះខេត្តយើងមានបណ្ណាល័យហើយ នឹងសៀវភៅជាច្រើនក្បាលសម្រាប់យើងអានសិក្សាស្វែងយល់ ។

មន្រ្ដីបណ្ណារក្ស សម្ដេចក្រឡាហោ ស ខេង សូមអំពាវនាវនឹងលើកទឹកចិត្ត ដល់សាធារណជន ព្រះសង្ឃ សិស្ស និស្សិតទាំងអស់ អានឱ្យបានច្រើន ស្រលាញ់ការអានសៀភៅ ដោយសារឥឡូវនេះស្រទាប់យុវជនភាគច្រើនប្រើប្រាស់បច្ចេកវិទ្យាច្រើន មិនសូវបានអានសៀវភៅនោះទេ ដូច្នេះហើយសូមចូលរួមអានសៀវភៅឱ្យបានច្រើន ដើម្បីបង្កើនចំណេះដឹងងបន្ថែមទៀត ទោះបីអានរយៈពេលវែងក្ដី ខ្លី ក្ដី ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles