គោលដៅទេសចរណ៍ប្រចាំថ្ងៃ៖ អភិបាលខេត្តកណ្ដាល ប្តេជ្ញាជំរុញរមណីយដ្ឋានកៀនស្វាយក្រៅ

គោលដៅទេសចរណ៍ប្រចាំថ្ងៃ៖ អភិបាលខេត្តកណ្ដាល ប្តេជ្ញាជំរុញរមណីយដ្ឋានកៀនស្វាយក្រៅ

(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តកណ្ដាលប្ដេជ្ញាចិត្តជំរុញរមណីយដ្ឋានកៀនស្វាយក្រៅឱ្យក្លាយជាគោលដៅទេសចរណ៍ប្រចាំថ្ងៃ។

ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដា រួមជាមួយអាជ្ញាធរស្រុកកៀនស្វាយ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង និងសំណេះសំណាលជាមួយអាជីវករ កំពុងប្រកបរបរលក់ដូរនៅរមណីយដ្ឋានកៀនស្វាយក្រៅ។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយសង្កេតឃើញរមណីយដ្ឋានកៀនស្វាយក្រៅ ក្រៅពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកផ្សេងៗ មិនសូវមានភ្ញៀវទេសចរមកកំសាន្តនៅទីនេះឡើយ ដូច្នេះយើងទាំងអស់គ្នាជាអាជ្ញាធរ ក៏ដូចជាអាជីវករផ្ទាល់ ត្រូវខិតខំកែលម្អនៅតំបន់នេះឱ្យទាក់ទាញ ពិសេសផ្សព្វផ្សាយនូវអ្វីដែលល្អ អ្វីដែលទាក់ទាញ ដល់ភ្ញៀវទេសចរណ៍របស់យើង ដើម្បីមកកំសាន្ត និងលំហែកាយនៅតំបន់នេះ ឱ្យបានកាន់តែច្រើនដោយមិនគិតថ្ងៃឈប់សម្រាកឡើយ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ តំបន់រមណីយដ្ឋានកៀនស្វាយក្រៅនេះ គឺជាទីតាំងដែលមានសក្ដានុពល នៅជិតរាជធានីភ្នំពេញ ក៏ដូចជាក្រុងតាខ្មៅ ដែលងាយស្រួលក្នុងការធ្វើដំណើរមកពិសាខាពេលរសៀល ក៏ដូចជាមកលំហែកាយ ដូច្នេះប្រសិនបើយើងបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព សុវត្ថិភាព និងសុគតភាព នោះភ្ញៀវទេសចរណ៍នឹងមកកម្សាន្តនៅទីនេះកាន់តែច្រើនជាងមុន។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ដើម្បីឱ្យតំបន់នេះកាន់តែទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត អាជ្ញាធរស្រុកកៀនស្វាយ ត្រូវខិតខំផ្សព្វផ្សាយដល់អាជីវករយើងទាំងអស់ មិនត្រូវដំឡើងថ្លៃហួសហួសហេតុ ដែលធ្វើឱ្យបាត់បង់ភ្ញៀវទេសចរណ៍របស់យើងឡើយ។ បើយើងដំឡើងថ្លៃខ្ពស់ហួសហេតុ នោះយើងបានចំណេញតែមួយពេលនេះទេ តែប្រសិនបើយើងលក់តម្លៃសមរម្យ នោះយើងនឹងទទួលបានការចំណេញជារៀងរហូត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អធិការនគរបាលស្រុក ត្រូវដាក់កម្លាំងប្រចាំការនៅស្នាក់ការរមណីយដ្ឋាន ដោយសហការជាមួយប្រជាការពារឃុំ ប្រចាំការសម្រាប់មើលការខុសត្រូវ ដោយធ្វើឱ្យកន្លែងនេះជាពហុវិស័យ ដោយត្រូវដោះស្រាយគ្រប់ទាំងការងារសន្តិសុខ ការផ្ដល់ព័ត៌មានសម្រាប់ទេសចរណ៍ ការដោះស្រាយបញ្ហាមួយចំនួនជាមួយអាជីវករផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles