អនុវត្តច្បាប់ចរាចរណ៍៖ ឯកឧត្តម ស សុខា ជំរុញឱ្យពង្រឹងការគោរពច្បាប់លើសិស្ស រថយន្តកម្មករ និងអ្នកបើកបរល្មើសល្បឿន

អនុវត្តច្បាប់ចរាចរណ៍៖ ឯកឧត្តម ស សុខា ជំរុញឱ្យពង្រឹងការគោរពច្បាប់លើសិស្ស រថយន្តកម្មករ និងអ្នកបើកបរល្មើសល្បឿន

ខេត្តព្រៃវែង ៖ សិស្សធ្វើដំណើរទៅសាលារៀនដោយពុំពាក់មួកសុវត្ថិភាព រថយន្តដឹកកម្មករលើសចំនួនកំណត់ រថយន្តបើកបរលើសល្បឿនកំណត់ រថយន្តបើកវ៉ាជែង និងដឹកជញ្ជូនទំនិញលើសកំណត់ គឺជារបៀបវារៈដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ក្នុងឱកាសអញ្ជើញជាអធិបតី នៃទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែមិថុនានេះ។


សម្រាប់សិស្សធ្វើដំណើរទៅរៀនដោយមធ្យោបាយយានយន្តកង់ពីរ រួមទាំងម៉ូតូអគ្គិសនី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានទាញសញ្ញាព្រមានអំពីហានិភ័យ នៃការមិនគោរពច្បាប់របស់សិស្សានុសិស្សក្នុងពេលធ្វើដំណើរទៅសាលារៀន ពោលគឺស្របពេលមេរៀនស្ដីពីការងារសុវត្ថិភាពចរាចរណ៍បានសម្រេចដាក់បញ្ជូលក្នុងកម្មវិធីសិក្សា ប៉ុន្តែសិស្សមួយចំនួនបែរជាមិនបានគោរពច្បាប់ចរាចរណ៍។ ទន្ទឹមនឹងការដើរផ្ទុយពីគោលការណ៍សុវត្ថិភាព និងគោលការណ៍ច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុក ការបណ្ដែតបណ្ដោយ និងការមិនគោរពច្បាប់ចរាចរណ៍ក្នុងចំណោមសិស្សានុសិស្ស ជាផ្នែកមួយនៃការបណ្ដុះវប្បធម៌មិនល្អទៅថ្ងៃមុខ ដ្បិតសិស្សទៅទទួលការអប់រំទាំងបំពានច្បាប់។
ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំជាចំហ និងបានបញ្ជាក់អំពីការរង់ចាំមើលការអនុវត្តរបស់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមទាំងអធិការដ្ឋាន និងស្នងការដ្ឋាន លើបញ្ហានេះ ដោយប្រមុខក្រសួងមហាផ្ទៃ បានណែនាំឱ្យសិក្សាអនុវត្តការងារនេះឱ្យសកម្មជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ដើម្បីធានាថា សិស្សដែលធ្វើដំណើរទៅទទួលការអប់រំពិតជាបានគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពពួកគេ និងជាការបង្ហាញអំពីគំរូនៃការចាប់ផ្ដើមគោរពច្បាប់ ចាប់ពីពេលពួកគេទទួលបានការអប់រំ។

ចេញពីការគិតគូរអំពីសុវត្ថិភាព និងការអនុវត្តច្បាប់ក្នុងចំណោមសិស្សានុសិស្ស ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់ថា ជារៀងរាល់ព្រឹក ឯកឧត្តម តែងតែយកចិត្តទុកដាក់តាមដាននូវរបាយការណ៍ពីស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ទាំងអស់អំពីសុវត្ថិភាពចរាចរណ៍របស់កម្មករ កម្មការនីដែលធ្វើដំណើរតាមមធ្យោបាយរថយន្តជាក្រុមៗ និងដែលភាគច្រើនជារថយន្តដឹកកម្មករ កម្មការនីលើសចំនួនកំណត់។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិតបានជំរុញ លើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងមន្រ្តីនគរបាលចរាចរណ៍យកចិត្តទុកដាក់លើការសម្រួលសុវត្ថិភាពចរាចរណ៍ដល់រថយន្តដឹកកម្មករ កម្មការនីនាពេលព្រឹកប្រលឹម និងបន្តអប់រំណែនាំដល់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករ កម្មការនី ពិសេសអ្នកបើកបរ គោរពច្បាប់ គិតគូរលើសុវត្ថិភាព និងលក្ខណៈបច្ចេកទេសរថយន្ត ខណៈការវ៉ាជែង និងបើកបរលើសល្បឿន តែងតែជាមូលហេតុចម្បងនៃគ្រោះថ្នាក់។

បន្ថែមលើនេះ ការបើកបរលើសល្បឿនកំណត់ ឯកឧត្តមអភិសន្តិបណ្ឌិត នៅតែទទូចសូមឱ្យប្រជាពលរដ្ឋដែលរអ៊ូរទាំចំពោះការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ មេត្ដាគិតគូរឡើងវិញថាតើមូលហេតុអ្វីបានជាសមត្ថកិច្ចធ្វើយ៉ាងដូច្នេះ។ បើតាម ឯកឧត្តមអភិសន្តិបណ្ឌិត នគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ ពោលគឺបើអ្នកបើកបរមិនល្មើសល្បឿន នគរបាលក៏គ្មានហេតុផលអនុវត្តច្បាប់ ហើយសាមីខ្លួនក៏មានសុវត្ថិភាព។

ពីវេទិការនោះដែរ ឯកឧត្តម ក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិនិត្យសិក្សាឡើងវិញលើភូមិសាស្ត្រជាក់ស្ដែងនៃមូលដ្ឋានរបស់ខ្លួន ដែលមានការប្រឈមចំពោះការបើកបរលើសល្បឿនកំណត់ និងរកឱ្យឃើញពីមូលហេតុ នៃការកើតមានគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដាក់ចេញនូវវិធីសាស្ត្រដោះស្រាយឱ្យបានសមស្របបំផុត។

សូមបញ្ជាក់ថា ក្នុងរយៈពេល៤ខែឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ដោយធ្វើការពិន័យសរុបចំនួន២៥.០២៣គ្រឿង និងបានដកហូតផ្លាកលេខយានយន្តមិនប្រក្រតីជាង៧០គូ។ សមត្ថកិច្ចក៏បានត្រួតពិនិត្យជាតិអាល់កុលពេលយប់ រកឃើញអ្នកបើកបរក្រោមឥទិ្ធពលស្រវឹងចំនួន៤.៧១៦នាក់ អនុវត្តតាមនីតិវិធី។ ក្នុងរយៈពេលដដែលនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៧៣០លើក បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ថយចុះ៣០៤លើក។ គិតពីខែមករា ដល់ខែមេសាឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សចំនួន៤៧៩នាក់ និងរបួស១.០១១ នាក់ បើធៀបនឹងឆ្នាំ២០២៤ បានថយចុះ៤២៨នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles