(ខេត្តកោះកុង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាននៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមជាមួយរដ្ឋបាលខេត្តកោះកុង បានអបអរសាទរការប្រកាសស្រុកស្រែអំបិល ខេត្តកោះកុង ស្រុកអស់មីន។
នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និងរដ្ឋបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរប្រកាសស្រុកស្រែអំបិល ខេត្តកោះកុង ជាស្រុកអស់មីន ក្រោមការគាំទ្រពីជំនួយរបស់រដ្ឋាភិបាលឥណ្ឌា។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ពីទីក្រុងនីស ប្រទេសបារាំង ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋខេត្តកោះកុង ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំពិធីប្រកាសនេះ ក៏ដូចជាផ្តល់នូវលទ្ធភាពងាយស្រួលដល់កងកម្លាំងបោសសម្អាតមីនរបស់យើង ប្រតិបត្តិការក្នុងភូមិសាស្រ្តខេត្តកោះកុងរហូតទទួលបានជោគជ័យ។
ឯកឧត្តមទេសរដ្ឋមន្រ្តី តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនខេត្តកោះកុង បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានផ្តល់ការគាំទ្រដល់កិច្ចការបោសសម្អាតមីននៅក្នុងខេត្តកោះកុង ក្នុងការរួមចំណែកផ្តល់នូវដីសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នេះ បានបង្ហាញអំពីការបោះជំហានទៅមុខបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសកម្ពុជា និងឥណ្ឌា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការបោសសម្អាតមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា កិច្ចការបោសសម្អាតមីន គឺជាការងារដ៏មានសារៈសំខាន់ និងមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការធានាឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសុខសុវត្ថិភាពក្នុងប្រើប្រាស់ដី សុខសន្តិភាព និងរួចផុតពីគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ជាសក្ខីភាពជាក់ស្តែង ការប្រកាសស្រុកស្រែអំបិលអស់មីននាថ្ងៃនេះ នឹងផ្តល់នូវក្តីសង្ឃឹមថ្មី និងអនាគតថ្មីជូនដល់ប្រជាពលរដ្ឋក្នុងការទទួលបាននូវលក្ខខ័ណ្ឌរស់នៅមួយកាន់តែប្រសើរឡើង។
ឯកឧត្តមបន្តទៀតថា ទន្ទឹមនឹងជោគជ័យទាំងនោះ កម្ពុជាត្រូវការពេលវេលា និងធនធានជាច្រើនបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសត្រូវការការគាំទ្រពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ រួមទាំងប្រទេសឥណ្ឌា ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ឯកឧត្តម Vanlalvawna Bawitlung បានសម្តែងនូវការអបអរសាទរជាមួយប្រជាជនខេត្តកោះកុង ក្នុងការប្រកាសស្រុកស្រែអំបិលអស់មីន និងមានមោទនភាពដែលប្រទេសឥណ្ឌាបានរួមចំណែកចំពោះសមិទ្ធផលទាំងនោះ រហូតដល់ប្រកាសស្រុកចំនួន ០២ក្នុងខេត្តកោះកុង ជាស្រុកអស់មីន ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា។ លទ្ធផលនេះ បានបង្ហាញការពីការយកចិត្តទុករបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ក្នុងការរួមគ្នាធានាផ្តល់នូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ឯកឧត្តមអគ្គរដ្ឋទូត បន្តទៀត កិច្ចការបោសសម្អាតមីន មិនត្រឹមតែលប់បំបាត់ការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប៉ុណ្ណោះទេ វាថែមទាំងបង្កើននូវសុខសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបស់មនុស្ស។ រដ្ឋាភិបាលឥណ្ឌា នឹងបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់កិច្ចខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងការងារបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀត រហូតដល់ប្រទេសកម្ពុជា សម្រេចនូវគោលដៅជាប្រទេសគ្មានមីន៕
ប្រភព៖ ក្រសួងព័ត៌មាន