យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ត្រីមានការសម្បូរ សម្រាប់ទឹកទន្លេវិញក៏មិនសូវខ្វះបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ធ្វើឱ្យអ្នកនេសាទមួយចំនួនតែងតែលួចឆ្មក់ចូលទៅនេសាទក្នុងកន្លែងអភិរក្សទាំងនេះ នៅពេលដែលយើងមានការធ្វេសប្រហែស។
ថ្លែងក្នុងពិធីចុះទៅពិនិត្យ និងសួរសុខទុក្ខមន្រ្តីជលផល កងកម្លាំងចម្រុះ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា បានធ្វើការកោតសរសើរចំពោះកិច្ចសហការចុះល្បាត ផ្សព្វផ្សាយ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទយ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម។
ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានលើកឡើងថា “រៀងរាល់ថ្ងៃមន្រ្តីដែលប្រចាំការក្នុងភូមិសាស្រ្តជុំវិញបឹងទន្លេសាប ត្រូវតែសហការជាមួយកម្លាំងចម្រុះឱ្យកាន់តែស្អិតរមួត ចុះល្បាតរួមគ្នាដើម្បីឱ្យបេសកកម្មនេះកាន់តែមានប្រសិទ្ធភាព”។
ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំទៅមន្ត្រីជំនាញត្រួតពិនិត្យ និងជួយផ្សព្វផ្សាយឱ្យប្រជានេសាទ ក្នុងអន្តរកាលនៃរដូវបិទនេសាទ នៅក្នុងភូមិសាស្រ្តបឹងទន្លេសាបពីឧបករណ៍នេសាទឱ្យបានត្រឹមត្រូវ ដើម្បីជួយអភិរក្ស និងអភិវឌ្ឍធនធានជលផលរបស់យើងឱ្យកាន់សម្បូរថែមទៀត ធ្វើយ៉ាងណាឱ្យពួកគាត់អនុវត្តទៅតាមគោលការណ៍មួយដែលបានឯកភាពគ្នារវាងរដ្ឋបាលជលផល និងមេបញ្ជាការដែលទទួលបន្ទុកកិច្ចការនេះ ដោយឯកឧត្តមបានលើកឡើងដែរថាកន្លងមកនេះ ការបំពេញកាតព្វកិច្ចរបស់ក្រុមចម្រុះយើងតែងតែទប់ស្កាត់បានល្អ និងទាន់ពេលវេលា។
ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណក្រុមការងារចំពោះបេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីជួយទប់ស្កាត់បទល្មើស និងអភិរក្សធនធានជលផលក្នុងបឹងទន្លេសាប ដែលជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមន្រ្តីជំនាញនឹងចូលរួមសហការក្នុងប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយផ្លែផ្កា៕
ប្រភព៖ ក្រសួងព័ត៌មាន