យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ក្រោយពីមានគណនី Tik Tok ឈ្មោះ ” Amy Richard310″ និងហ្វេសប៊ុកឈ្មោះ ” Piseth P G EM” ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សរសេរសារលើបណ្តាញសង្គម នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា អំពើក្បត់ជាតិគឺបែបនេះឯង ទាំងមេទាំងកូនគឺដូចគ្នា។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបន្តថា ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេស បែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។
ទាក់ទិននឹងករណីខាងលើ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុង គោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីរួមគ្នាស្វែងយល់អំពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវសាធារណជនមេត្តាវិភាគពិចារណាឱ្យបាន គ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយ ចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះបុគ្គលនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធី៕
ប្រភព៖ ក្រសួងព័ត៌មាន