ខេត្តតាកែវ ៖ រហូតមកដល់ខែមិថុនា ឆ្នាំ2025 ទៅហើយ ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋជិត 300 គ្រួសារក្នុងភូមិចំនួនបីនៃក្រុងដូនកែវ ហាក់មិនមានសង្ឃឹមសោះទៅលើម្ចាស់អំណាចទឹកដីក្រុងដូនកែវ ដែលពួកគាត់បានធ្វើការស្នើសុំដើម្បីដោះដូរទីតាំងគំនរសម្រាមរបស់អ្នកស្រីលឹម សុខា ចេញពីទីតាំងចាស់នេះចេញ ដោយសារបងប្អូនប្រជាពលរដ្ឋបានរងផលប៉ះពាល់ដល់សុខភាពពីគំនរសំរាមនិងការដុតសំរាមហុយផ្សែងស្អុយអាសោចិ៍ជាច្រើនឆ្នាំណាស់មកហើយ។
តំណាងប្រជាពលរដ្ឋទាំងជិត 300 គ្រួសារបានឲ្យដឹងថាដោយសារការអត់ទ្រាំនិងគំនរសម្រាមនេះយូឆ្នាំណាស់មកហើយនៅពេលគេដុតម្តងៗផ្សែងហុយស្អុយអសោចធ្វើឲ្យប៉ះពាល់ដល់ដល់សុខភាពកូនចៅប្រជាពលរដ្ឋទាំង 3 ភូមិគឺភូមិស្នោរ ក្នុងសង្កាត់រកា ក្នុងភូមិព្រិច និងភូមិធ្នុង ក្នុងសង្កាត់រកាក្រៅនៃក្រុងដូនកែវ ខេត្តតាកែវ មកដល់ខែមិថុនា ឆ្នាំ2025 ទៅហើយ យើងទាំងអស់គ្នាគឺគ្មានសង្ឃឹមបន្តិចសោះទៅលើលោកអភិបាលក្រុងដូនកែវដែលមិនបានរកដំណោះស្រាយនិងដោះដូរទីតាំងគំនរសំរាមនេះចេញពីទីតាំងចាស់នោះ ព្រោះពាក្យស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋយើងគឺធ្វើការស្នើសុំតាំងពីថ្ងៃទី 27 ខែមីនា ឆ្នាំ 2023 មកម្ល៉េះរហូតមកដល់ខែមិថុនា ឆ្នាំ 2025 នេះគឺមានរយៈពេលជិត3ឆ្នាំមកហើយលោកអភិបាលក្រុងហាក់មិនមានការឆ្លើយតបឬរកដំណោះស្រាយណាជូនដល់ពួកគាត់សោះ។
តំណាងប្រជាពលរដ្ឋបានបន្តទៀតថាបើសិនលោកអភិបាលក្រុងមិនមានការដោះស្រាយរើសរើសដំណោះស្រាយជូនដល់ពួកគាត់ទេគឺបងប្អូនប្រជាពលរដ្ឋទាំងអស់មានតែសង្ឃឹមទៅលើឯកឧត្តមវុី សំណាង អភិបាលខេត្តតាកែវតែម្នាក់គត់ដែលជួយដល់ពួកគាត់បាន។ នៅថ្ងៃទី១០ មិថុនា ២០២៥ នេះកោះសន្តិភាពយើងមិនអាចទាក់លោកកង អាណាន់ ចៅហ្វាយក្រុងដូនកែវដើម្បីធ្វើបំភ្លឺបានឡើយ កោះសន្តិភាពយើងនឹងរង់ចាំការបំភ្លឺណាមួយពីលោកចៅហ្វាយក្រុងដូនកែវជានិច្ច។
បើតាមអភិបាលរងក្រុងដូនកែវម្នាក់បានអោយដឹងថានៅពេលនេះខាងខេត្តបានស្នើទៅក្រសួងដើម្បីរកដីនៅព្រែកលើធ្វើជាទីតាំងចាក់សម្រាមសំរាប់ក្រុងដូនកែវ ស្រុកទ្រាំងនឹងស្រុកត្រាំកក់ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕

















