អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចបញ្ជូនកងទ័ពម៉ារីន (US Marines) ចំនួន ៧០០នាក់ទៅកាន់ទីក្រុង Los Angeles នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១០ ខែមិថុនា។ ការសម្រេចដាក់បន្ថែមកងកម្លាំងជាច្រើនរយនាក់បន្ថែមទៀតនេះ គឺត្រូវបានធ្វើឡើងក្រោយស្ថានភាពបាតុកម្មនៅទីនោះហាក់មិនទាន់មានភាពស្ងប់ស្ងាត់នៅឡើយទេ ពោលគឺពលរដ្ឋនៅតែបន្តធ្វើការប្រមូលផ្តុំនិងតវ៉ា។
គួរកត់សម្គាល់ថា មុនពេលសម្រេចបញ្ជូនកងទ័ពម៉ារីនចំនួន ៧០០នាក់នេះ លោក ដូណាល់ ត្រាំ ក៏បានបញ្ជូនកងកម្លាំងពិសេស “កងទ័ពឆ្មាំជាតិ” ចំនួន ៣០០នាក់ ទៅកាន់ទីក្រុង Los Angeles រួចហើយ ដើម្បីជួយធ្វើអន្តរាគមន៍ផ្សេងៗជាមួយប៉ូលិសនិងអាជ្ញាធរក្នុងក្រុង Los Angeles ។ សូមរម្លឹកជូនថា ចលនាបាតុកម្មនៅក្នុងទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ាផ្តើមកើតមានអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយហ្វូងបាតុករទាំងអស់នោះគឺជាក្រុមពលរដ្ឋដែលមានទំនោរប្រឆាំងនឹងនយោបាយបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីអាមេរិករបស់លោក ដូណាល់ ត្រាំ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia