លក្ខខណ្ឌដី និងសំណង់បេតិកភណ្ឌ៖ កិច្ចប្រជុំផ្សព្វផ្សាយការកំណត់លក្ខខណ្ឌប្រើប្រាស់ដី និងគ្រប់គ្រងសំណង់នៅតំបន់រមណីយដ្ឋានអង្គរ

លក្ខខណ្ឌដី និងសំណង់បេតិកភណ្ឌ៖ កិច្ចប្រជុំផ្សព្វផ្សាយការកំណត់លក្ខខណ្ឌប្រើប្រាស់ដី និងគ្រប់គ្រងសំណង់នៅតំបន់រមណីយដ្ឋានអង្គរ

សៀមរាប ៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពី​ “ការកំណត់លក្ខខណ្ឌនៃការប្រេីប្រាស់ដី​ និងការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌ បានធ្វើឡើងនៅថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០២៥​ នៅសណ្ឋគារបាយ័នអេរ៉ា​ ក្រោមអធិបតីភាពឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នរូបនីយកម្ម​ និងសំណង់​ ឯកឧត្តម​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប​ និងលោក​ជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុរណា​ រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។


សូមបញ្ជាក់ថា​ នេះជាជំហានថ្មីមួយទៀត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ក្នុងការស្វែងរកការឯកភាពគ្នា ទាំងស្មារតី និងគោលការណ៍រួម លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយធ្វើការពិនិត្យឡើងវិញនូវរបៀបរបបការងារ លិខិតបទដ្ឋានគតិយុត្តិ របៀបរបបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ការពារបេតិកភណ្ឌ ឱ្យមានការយល់គ្នាកាន់តែច្រើនជាងមុនរវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ស្របទៅតាមកិច្ចការបេតិកភណ្ឌ និងជាមួយអន្តរជាតិ ក្នុងស្មារតីការពារនិងអភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ ឱ្យស្របទៅតាមប្រសាសន៍សម្តេចធិបតីលើការរៀបចំផ្ទះសំបែងឱ្យរៀបរយ និងពង្រឹងខឿនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម​ សាយ​ សំអាល់​ បានថ្លែងថា នេះជាកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី តំណាងស្ថានទូតជប៉ុន ស្ថានទូតបារាំង តំណាងអង្គការយូនីស្កូ អ្នកជំនាញបេតិកភណ្ឌពិភពលោក អជ្ញាធរអប្សរា មេភូមិ ចៅសង្កាត់ និងតំណាងពលរដ្ឋទាំង ១១៤ភូមិ ក្នុងតំបន់ការពារ ទី ១ និងទី២ នៃឧទ្យានអង្គរ ដើម្បីពិភាក្សាលើការរៀបចំលក្ខណ្ឌនៃការប្រើប្រាស់ដី នគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ជាមូលដ្ឋានឈានទៅជំហានបន្ទាប់ គឺការគិតគូរលើការជំរុញការវិនិយោគដើម្បីបង្កើនចំណូល និងសេដ្ឋកិច្ចខេត្តសៀមរាប សំដៅលើកកម្ពស់ការអភិរក្សបេតិកភណ្ឌ និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ។
កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសំណូមពររបស់តំណាងពលរដ្ឋ និងអាជ្ញាធរក្នុង ១១៤ ភូមិ និងយកសំណូមពរនេះជាមូលដ្ឋានក្នុងការរៀបចំបទប្បញ្ញត្តិប្រើប្រាស់ដីនាពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles