រាជធានីភ្នំពេញ ៖ ខណៈភ្លៀងរលឹមស្រិចៗ ស្រាប់តែបង្គោលភ្លើងមួយដើម ត្រូវបានឆ្លងចរន្តទុស្សេខ្សែភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ទាក់ទងទៅនគរបាលប៉ុស្តិ៍ដើម្បីឱ្យចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង១២និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥ នៅផ្លូវរ៉ាដា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពត៌មានពីបងប្អូនប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លៀងរលឹមស្រិចៗ បន្ទាប់មកស្រាប់តែទុស្សេខ្សែភ្លើងឆាបឆេះរាលដាលពីបង្គោលភ្លើង រងការខូចខាតជាច្រើនខ្សែ ។ ភ្លាមៗនោះ បងប្អូនប្រជាពលរដ្ឋនៅជុំកន្លែងកើតហេតុ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យយកមកបាញ់ពន្លត់ភ្លាមៗដែរ តែមិនរលត់ និងបានឆេះខ្លាំងទៅៗ ទើបពួកគាត់ទាក់ទងទៅនគរបាលប៉ុស្តិ៍ ដើម្បីឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ។
ក្រោយពេលកើតហេតុ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញបានមកចំនួនមួយគ្រឿង ហើយអោយជំនាញអគ្គិសនីបិទភ្លើង រួចបានបាញ់ពន្លត់ភ្លាមៗ ដោយឆាបឆេះតែខ្សែភ្លើង និងខ្សែអ៊ុកទិច តែមិនឆាបឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋណាម្នាក់ទេ ៕











