ប្រទេសចិន ៖ បន្ទាប់ពីការចាញ់ក្នុងលទ្ធផល ១-០ របស់ក្រុមបាល់ទាត់ជម្រើសជាតិចិន ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ការប្រកួតក្នុងពូល C ជម្រុះជុំទី៣ នៃពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ប្រចាំតំបន់អាស៊ី និងអស់សិទ្ធិប្រជែងសំបុត្រយន្តហោះទៅកាន់ប្រទេសសហម្ចាស់ផ្ទះកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកសម្រាប់ការប្រកួតព្រឹត្តិការណ៍ឆ្នាំក្រោយហើយនោះ អ្នកគាំទ្រជនជាតិចិនជាច្រើនបានបង្ហាញការខឹងសម្បារខ្លាំងលើបណ្តាញសង្គម ដោយចំអកក្រុមជម្រើសជាតិពួកគេ ហើយខ្លាំងជាងនេះទៀត ថែមទាំងបានអំពាវនាវឱ្យមានការរំសាយក្រុមចោលទៀតផង។ នេះបើតាមប្រភពពីសារព័ត៌មាន South China Morning Post និង VnExpress បានចេញផ្សាយកាលពីថ្មីៗនេះ។
ជាមួយលទ្ធផលបរាជ័យនេះ ក្រុមជម្រើសជាតិចិនឈរនៅបាតតារាងដោយមានត្រឹមតែ ៦ពិន្ទុប៉ុណ្ណោះ ឈ្នះ២ និងចាញ់៧ ហើយអស់ឱកាសដណ្តើមកៅអីការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ បើបីពួកគេសល់១ប្រកួតចុងក្រោយ ដែលត្រូវតទល់នឹងក្រុមភ្ញៀវបារ៉ែន នៅថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ។ នៅក្នុងពូល C ជប៉ុនបានកក់កៅអី World Cup ឆ្នាំក្រោយ ចំណែកអូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត រង់ចាំត្រូវអ៊ុតប្រកួតចុងក្រោយ រីឯឥណ្ឌូណេស៊ីបន្តទៅការប្រកួតជម្រុះជុំទី៤ ដ្បិតបារ៉ែន និងចិនអស់ឱកាសត្រឹមនេះ។ តាមច្បាប់ការប្រកួត ក្រុមកំពូលពីរក្នុងពូលនីមួយៗក្នុងចំណោម៣ពូល បានកៅអីស្វ័យប្រវត្តិទៅព្រឹត្តិការណ៍ World Cup ស្របពេលក្រុមលេខ៣ និងលេខ៤ បន្តទៅការប្រកួតជម្រុះជុំទី៤។
ទម្រង់លេងរបស់ក្រុមជម្រើសជាតិចិន បានបង្កឱ្យមានការរិះគន់ចំៗលើគ្រូបង្វឹកសញ្ជាតិក្រូអាត លោក Branko Ivankovic និងកីឡាកររបស់គាត់។ គណនីមួយបានសរសេរលើគេហទំព័រ Sina ដូច្នេះថា ជំហានដំបូងត្រូវរំសាយសមាគមបាល់ទាត់ចិនចោល។ បន្ទាប់មកក្រុមបាល់ទាត់ជម្រើសជាតិ។ រីឯម្នាក់ទៀតបានអធិប្បាយថា ក្រុមជម្រើសជាតិចិនធ្វើបានល្អណាស់។ ខ្ញុំគាំទ្រដល់ការរំសាយក្រុមមួយនេះ។ អ្នកខ្លះទៀតបានសម្ដែងការខកចិត្តយ៉ាងខ្លាំងថា ក្រុមចិនពិតជាគ្មានអ្នកណាលេងទេ។
រំសាយវាជោលទៅ ឈប់ធ្វើរឿងឆោតល្ងង់តទៅទៀតទៅ។ អ្នកគាំទ្រម្នាក់មកពីហុងកុងក៏បានបញ្ចេញអារម្មណ៍ថា ពួកគេមិនត្រឹមតែចាញ់ការប្រកួតទេ ពួកគេបានធ្វើឱ្យអ្នកគាំទ្រ និងប្រទេសជាតិរបស់ពួកគេរងភាពអាម៉ាស់។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ទៀតបានបញ្ចេញមតិបែបចំអកថា តើមាននរណាម្នាក់អាចប្រាប់ខ្ញុំបានទេថា ហេតុអ្វីនៅតែមានមនុស្សឆោយល្ងង់ ដើម្បីមើលក្រុមនេះលេង?
សូមជម្រាបថា សមាគមបាល់ទាត់ចិនត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២៤ គិតមកទល់ពេលនេះរយៈពេល១០១ឆ្នាំហើយ ក្រុមជម្រើសជាតិឈុតធំបុរសរបស់ពួកគេបានឈានដល់ការប្រកួតព្រឹត្តិការណ៍ World Cup ត្រឹម១លើកប៉ុណ្ណោះ ពោលគឺនៅឆ្នាំ ២០០២ គ្រាដែលជប៉ុន និងកូរ៉េខាងត្បូងធ្វើម្ចាស់ផ្ទះរួមគ្នា ដោយបានធ្លាក់ត្រឹមវគ្គចែកពូល ដោយចាញ់ទាំង៣ប្រកួត។
គិតត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបានកក់កៅអីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ រួមមាន ៖ ក្រុមតំណាងអាស៊ី (អ៊ីរ៉ង់ ជប៉ុន ហ្ស៊កដានី កូរ៉េខាងត្បូង អ៊ូសបេគីស្ថាន), ក្រុមតំណាងតំបន់ CONCACAF មិនទាន់រកឃើញនៅឡើយ ក្រៅពីសហម្ចាស់ផ្ទះកាណាដា ម៉ិកស៊ិក សហរដ្ឋអាមេរិក ដែលបានកៅអីស្រាប់, ក្រុមតំណាងអាមេរិកខាងត្បូង (អាហ្សង់ទីន) និងក្រុមតំណាងតំបន់អូសេអានី (នូវែលសេឡង់)៕



