(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសេព័ត៌មាន ជុំវិញគណនី Tik Tok មួយ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។
ក្នុងចេសក្ដីប្រកាសព័ត៌មាននេះដែរ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនសាធារណជនឱ្យបានជ្រាបថា ថ្មីៗនេះឃើញមានគណនី Tik Tok ឈ្មោះ «Amy Richard310» និង ហ្វេសប៊ុក ឈ្មោះ «Piseth P G EM» បាន ផលិតវីដេអូសម្តែងផ្សព្វផ្សាយមានចរិតញុះញង់រើសអើង ដើម្បីបំបាក់ទឹកចិត្តកងទ័ព ផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ។
បុគ្គលដែលសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់មានឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាសកម្មជនគណបក្សប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកល ប្រចាំ ប្រទេសថៃ ស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅ ក្នុងប្រទេសថៃ ដែលតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើន ក្នុង គោលដៅប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងន័យនេះដើម្បីរួមគ្នាស្វែងយល់អំពីភាពត្រឹមត្រូវ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវសាធារណជនមេត្តាវិភាគពិចារណាឱ្យបាន គ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយ ចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់ ចំពោះបុគ្គលនេះបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធី៕