ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត តភ្ជាប់តួស្ពាន៖ ឯកឧត្តម ឃួង ស្រេង ជាធិបតីក្នុងពិធីផ្លូវការ នៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វផ្លូវជាតិលេខ២ ភ្នំពេញ

ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត តភ្ជាប់តួស្ពាន៖ ឯកឧត្តម ឃួង ស្រេង ជាធិបតីក្នុងពិធីផ្លូវការ នៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វផ្លូវជាតិលេខ២ ភ្នំពេញ

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អញ្ជើញជាធិបតីក្នុងពិធីតភ្ជាប់តួស្ពាន ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វនិងផ្លូវជាតិលេខ២។

ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វនិងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាលបានឈានដល់ការធ្វើពិធីតភ្ជាប់តួស្ពានហើយ។ ចំពោះពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ ៨៥ភាគរយហើយ ក្នុងនោះស្ពានអាកាសដែលមានទិសដៅពីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ចំណែកស្ពានអាកាសដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោមកភ្នំពេញវិញនឹងរួចរាល់នៅចុងខែកក្កដាឆ្នាំ២០២៥ខាងមុខ។

សូមបញ្ជាក់ថា ស្ពានអាកាសនេះបានបើកការដា្ឋនសាងសង់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ ដោយរាជរដ្ឋាភិបាលជាម្ចាស់គម្រោង តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន១២ខែ។

ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I )មានបណ្ដោយ ស្ពាន៦២២ម៉ែត្រ ក្នុងនោះស្ពានទី១: ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ស្ពានទី២: ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព៥.៥០ម៉ែត្រ។មានគន្លងចរាចរណ៍ចំនួន៣ គន្លង។ ទទឹងស្ពានប្រវែង៩.៥០ម៉ែត្រ។ កម្រាលស្ពានអ៊ុតកៅស៊ូ AC កម្រាស់: ០.១០ម៉ែត្រ បង្កាន់ដៃស្ពានសងខាងមានកម្ពស់ ១.២០ម៉ែត្រ មានបំពាក់ភ្លើងសូឡាបំភ្លឺផ្លូវតាមបង្កាន់ដៃស្ពាន និងផ្លូវសងខាងស្ពាន។ មានប្រព័ន្ធលូសម្រាប់រំដោះទឹកនៅសងខាងផ្លូវ។ រវាងប្រឡោះស្ពានទី១និង ស្ពានទី២ មានគម្លាត ៩.០០ម៉ែត្រដែលបានរចនាជាឧទ្យានបៃតង ជាមួយនិងការរៀបចំផ្លាកសញ្ញាចរាចណ៍ផងដែរ៕

ប្រភព៖ ក្រសួងមហាផ្ទៃ

administrator

Related Articles