រាជធានីភ្នំពេញ ៖ នៅទីបំផុត មង្គលការរបស់តារាចម្រៀងលោក ជី ដេវីដ និងនាង ទេព បូព្រឹក្ស ត្រូវបានរៀបចំតាមគម្រោងដែលបានគ្រងទុកគឺនៅថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំមួយចំនួន និងអ្នកសិល្បៈជាច្រើនរូប ។

មង្គលការរបស់តារាចម្រៀងទាំងពីរបានរៀបចំធ្វើឡើងយ៉ាងល្អឥតខ្ចោះ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការរៀបចំដេគ័រលម្អនានាយ៉ាងស្រស់ស្អាត ខណៈពេលដែលគេចាត់ទុកថា នេះជាមង្គលការដ៏ធំប្រចាំឆ្នាំមួយសម្រាប់អ្នកសិល្បៈ ។

អ្វីដែលពិសេសទៀតនោះ នៅចុងកម្មវិធី តារាចម្រៀងលោក ជី ដេវីដ បានឡើងប្រកាសប្រាប់ភ្ញៀវកិត្តិយសដែលចូលរួមទាំងអស់នូវរឿងពិសេសមួយថា ចាប់ពីថ្ងៃដំបូងរហូតមកទល់នាពេលនេះ លោក និងទេព បូព្រឹក្ស មិនដែលឈ្លោះសុំបែកគ្នា សូម្បីតែម្តង ។ តារាចម្រៀងលោក ជី ដេវី បានអះអាងថា ថ្ងៃនេះ គឺជាថ្ងៃដែលពួកយើងបានសន្យា ហើយទីបំផុត វាបានមកដល់សម្រាប់ចំណងស្នេហ៍របស់យើងដែលមានរយៈពេលជាង១០ឆ្នាំ ។

លោកបន្តថា ក្រោយការចាប់ដៃគ្នាមក ពួកយើងបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ប៉ុន្តែលោកមិនចង់និយាយរឿងរ៉ាវដែលបានកើតឡើងនៅក្នុងថ្ងៃមង្គលនេះឡើយ ។ យ៉ាងណា លោកបញ្ជាក់ថា ចាប់តាំងពីថ្ងៃដំបូងរហូតមកទល់នាពេលនេះ គឺពួកយើងមិនដែលឈ្លោះប្រកែកសុំបែកគ្នាសូម្បីតែម្តង ហើយក៏សុំអោយបន្តបែបនេះរហូតដល់ចាស់ ។

ដោយឡែក នៅពេលពិធីមង្គលការត្រូវបានរៀបចំជារូបរាងឡើងនាពេលនេះ តារាចម្រៀងលោក ជី ដេវីដ ក៏បានបង្ហោះសំណេរតាមបណ្តាញសង្គមថា «ខ្ញុំធ្លាប់បានឆ្លងកាត់ពិធីក្រុងពាលីច្រើនលើសពីរយដង ប៉ុន្តែពិធីក្រុងពាលីថ្ងៃនេះ គឺជាបំណងប្រាថ្នាក៏ដូចជាការសន្យាកាលពី៨ឆ្នាំមុន ពីបុរសម្នាក់ទៅកាន់នារីជាគូស្នេហ៍។ ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិតជាគូ ព្យុះភ្លៀងទឹកភ្នែក ភាពសប្បាយរីករាយ និងភាពជោគជ័យ ប្រៀបដូចជាខ្សែភាពយន្តជីវិត។

នារីម្នាក់ដែលផ្ដល់ភាពជឿជាក់លើដៃគូ ដោយហ៊ានដាក់ជីវិតជាដើមទុនរវាងគ្នានិងគ្នា ស្ម័គ្រចិត្តតស៊ូរងទុក្ខឆ្លងកាត់ពាក្យសម្ដីស្ដីថា។ តែទោះជាក្នុងកាលៈទេសៈណាក៏សច្ចាថានឹងដើររួមគ្នារហូត ទោះជាឆ្លងមហាសមុទ្រភ្លើង សមុទ្រផ្សែង ឆ្លងដែនភ្នំមាសក្ដីក៏មិនរាថយ។ ពួកយើងពុះពារថែរក្សានូវចំណងដៃនៃដំណក់ឈាមដែលប្រទានដោយទេវតា។ ថ្ងៃនេះបងសូមគោរពនូវពាក្យសន្យា ជូននូវផ្កាស្លា បំពេញមុខលោកមេបា គ្រូបាអាចារ្យ ញាតិមិត្ត សង្គម និងអ្នកគាំទ្រទាំងអស់ដែលជាសក្ខី ដោយថ្ងៃនេះជាថ្ងៃជ័យក្នុងនាមជាប្រពន្ធប្ដី ស្របច្បាប់ ស្របប្រពៃណី សច្ចាភក្ដីជានិរន្តរ៍។

ចំណែក ទេព បូព្រឹក្ស ក៏បានបង្ហោះសំណេររបស់ខ្លួនដែរថា បើសិនមានជាតិក្រោយៗពិតសូមឲ្យខ្ញុំចាំជាតិចាំបុរសម្នាក់នេះ អូននឹងតាមបងគ្រប់ៗជាតិ អរគុណទេវតាដែលប្រទានមនុស្សល្អបំផុតជាគូរ នឹងខ្ញុំ» ៕












