ក្រោយពេលដែលក្រសួងការពារជាតិ បានប្រកាសនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ថា យោធាកម្ពុជា និងថៃ បានសម្រេចសម្រួលកម្លាំង ក្រោយការជួបគ្នាជាថ្មី ដើម្បីកាត់បន្ថយភាពតានតឹង និងការប្រឈមមុខដាក់គ្នា នៅតាមព្រំដែន មានពលរដ្ឋយើងខ្លះយល់ច្រឡំថា យើងសុខចិត្តដកទ័ព ក្រោយពេលដែលថៃបិទព្រំដែន ដោយឯកតោភាគី នៅរសៀលថ្ងៃទី៧ ខែមិថុនា ប៉ុន្តែសូមកុំយល់ច្រឡំ ។ ការសម្រេចនេះមិនមែនជាការដកទ័ពទេ ។

ក្រោយក្រសួងការពារជាតិ បានប្រកាសបែបនេះ សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា នៅក្នុងនាមជាប្រធានគណបក្សកាន់អំណាចបានប្រកាសតាមបណ្តាញសង្គមបញ្ជាក់ថា ការកែសម្រួលកម្លាំងកងទ័ព នៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ពោល គឺកម្ពុជា និងថៃ គឺដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈា.មទ្រង់ទ្រាយធំ គឺជារឿងចាំបាច់ ។

សម្តេចតេជោ បានលើកឡើងថា ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ ។ ដូច្នេះការស្វែងរកដំណោះស្រាយតាមរយៈការចរចា ត្រូវបានធ្វើតាំងពីកម្រិតថ្នាក់ រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការ នៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ ។ សម្តេចតេជោ បានប្រកាស សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយ ជម្លោះដោយសន្តិវិធី ដែលជាវិធីតែមួយគត់ ដើម្បីបញ្ចៀសសង្គ្រាមបង្ហូរឈា.ម និងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ។
ក្រោយការប្រកាសបែបនេះ មានពលរដ្ឋបញ្ចេញយោបល់ព្រោងព្រាធលើបញ្ហានេះ ដោយខ្លះបកស្រាយខុស ហើយមានការយល់ច្រឡំលើការសម្រេចបែបនេះ ប៉ុន្តែធាតុពិតការកែសម្រួលកម្លាំងទ័ព គឺជាការផ្លាស់ប្តូរទីតាំង បរិមាណ ឬសមាសភាពកងទ័ពក្នុងតំបន់ណាមួយ ដោយមិនមានន័យថា ជាការដកចេញនោះទេ ។
សម្រួលកម្លាំងមិនមែនជាការដកទ័ពចេញទេ គឺឲ្យទ័ពទាំងសងខាង រក្សាភាពស្ងៀមស្ងាត់សិនកុំឲ្យចលាចល និងបន្ថយភាពតានតឹង ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងជឿជាក់ថា កងកម្លាំងនៅតាមព្រំដែនហ្នឹង គឺពិតជាបានតាមដានសភាពការណ៍វិវត្តន៍ទៅជាប់ជានិច្ច ដើម្បីឆ្លើយតបគ្រប់យុទ្ធសាស្ត្រ ដែលកងទ័ពភាគីថៃបានដាក់ចេញ ។
នៅខ្សែរត្រៀមជួរមុខប្រាកដជាយល់អំពីបញ្ហានេះ ។ ដូច្នេះ យើងដែលនៅខាងក្រោយនេះ គឺសូមកុំចេះតែរំខានចិត្ត និងធ្វើឲ្យស្មុគស្មាញដល់ទឹកចិត្តកងទ័ពនៅជួរខាងមុខ ដែលពេលនេះប្រហែលជាកំពុងតែស្ថិតនៅក្នុងស្ថានភាពតានតឹងទាំងផ្លូវអារម្មណ៍ ។
សូមយើងទាំងអស់គ្នាមូលមតិគ្នាជាធ្លុងតែមួយកុំបែកកុំបាក់ ហើយពង្រឹងដោះស្រាយបញ្ហា ហើយឆ្លើយតបនឹងកលយុទ្ធដែលប្រត្យក្រ និងសុក្រិតបំផុត តាមជំហរតែមួយ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបញ្ជាក់ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលក្នុងវិស័យអប់រំ នៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ថា កម្ពុជាប្រកាន់យកនូវយន្ដ៣សំខាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយក្នុងនោះមានយន្ដការបច្ចេកទេសទ្វេភាគី, យន្ដការអន្ដរជាតិ និងយន្ដការកងទ័ព ។
យន្តការបច្ចេកទេសទ្វេរភាគី គឺភាគីទាំងពីរគ្រោងជួបគ្នា នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខ ដោយឡែកយន្តការអន្តរជាតិ គឺយកបញ្ហនៅតំបន់រសើប៤កន្លែងដែលរួមមាន មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ។ ហើយយន្តការទីបី គឺដូចអ្វីដែលកងកម្លាំងកម្ពុជាបានកំពុងតែធ្វើ ។ យន្តការទាំងបីនេះ គឺបានកំពុងតែដើរទៅមុខព្រមគ្នា ឆ្ពោះទៅរកការបញ្ចប់នៃអរិភាពនៃតំបន់ព្រំដែនដ៏រសើបដែលចរចាគ្នាអស់រយៈពេលប្រមាណជា២៥ឆ្នាំ គឺមិនមានអ្វីរីកចម្រើននៅឡើយក្រៅពីដើររកបង្គោលព្រំដែនចាស់ៗខុសពីវឌ្ឈនភាព ដែលកម្ពុជាបានធ្វើជាមួយនឹងឡាវ ហើយនិងវៀតណាម ។ នៅជួរមុខកងទ័ព គឺកំពុងតែឈរដ៏ក្លាហាន ហើយនៅខាងក្រោយរាជរដ្ឋាភិបាលបានកំពុងតែធ្វើដោយស្របច្បាប់ដោយរាយការណ៍ជូនសភា និង ព្រឹទ្ធសភា ហើយក៏បានលើកឡើងបញ្ហានេះទៅប្រធានប្តូរវេនអាស៊ាន ។
សរុបទៅ សូមជឿទុកចិត្តនៅលើចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងទ័ពនៅជួរមុខដោយសារតែនៅពេលនេះ រាជរដ្ឋាភិបាល និងកងទ័ពបានកំពុងតែធ្វើនៅលើគោលជំហរដ៏ត្រឹមត្រូវមានភាពចាស់ទុំខាងនយោបាយ និងការទូត ។ អ្វីដែលរាជរដ្ឋាភិបាលបានកំពុងតែធ្វើ គឺជាជំហានដ៏វិជ្ជមាននៅក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ហើយអាចនឹងបន្តឲ្យព្រំដែនអាចរក្សាបាននូវ សន្តិភាព និងការអភិវឌ្ឍបន្តថែមទៀត ៕