ខេត្តសៀមរាប៖ យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ការងារជួសជុលស្ពានហាលនៅទិសខាងកើតនៃប្រាសាទបេងមាលា ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនឆ្នាំនោះ ឥឡូវនេះសម្រេចបានប្រមាណ ៩០ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោងនេះអនុវត្តដោយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដោយទទួលបានការគាំទ្រផ្នែកថវិកាពីគម្រោងពិសេសមេគង្គ-ឡានឆាង។
យោងតាមការឱ្យដឹងពីអ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដំណើរការជួសជុលនេះបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤។ រយៈពេលជាងមួយឆ្នាំមកនេះ ក្រុមការងារបានផ្តោតលើការងារសំខាន់ៗជាច្រើន រួមមាន៖
* ការងារពង្រឹងគ្រឹះ៖ គ្រឹះស្ពានទាំងផ្នែកខាងជើង និងខាងត្បូង ដែលបានស្រុត និងរងការខូចខាតដោយសារឫសឈើ ត្រូវបានពង្រឹងឱ្យមានភាពរឹងមាំឡើងវិញ។
* ការរៀបចំកម្រាលថ្ម៖ កម្រាលថ្មប្រមាណ ៧៥ភាគរយ ត្រូវបានរៀបចំឡើងវិញតាមលំដាប់លំដោយពីទិសខាងលិចទៅកើត។
* ការដំឡើងបង្កាន់ដៃនាគ៖ តួខ្លួននាគ បង្កាន់ដៃនាគ ជើងទម្រ និងក្បាលនាគចំនួន៣ ត្រូវបានដំឡើងឡើងវិញនៅផ្នែកខាងជើង និងខាងត្បូងស្ទើរតែរួចរាល់។
អ្នកស្រី សុប៉ាក បានបញ្ជាក់ថា៖ «បច្ចុប្បន្នយើងនៅសល់តែកែងខាងកើត ដើម្បីយើងត្រៀមដំឡើងក្បាលនាគមួយទៀត។…វឌ្ឍនភាពការងារយើងដើររលូនទៅបានដោយសារការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងក្រុមជាងរបស់យើង»។ ការងារដែលនៅសេសសល់រួមមាន ការពង្រឹងគ្រឹះនៅផ្នែកខាងកើត ក្បាលនាគចុងក្រោយ និងការបញ្ចប់ការរៀបកម្រាលនៅគល់ស្ពានខាងកើត។
មុនពេលការជួសជុល ស្ពានហាលនេះមានសភាពទ្រុឌទ្រោមខ្លាំង ដោយបង្កាន់ដៃនាគបានរលុះធ្លាក់ គ្រឹះបានស្រុត ហើយរចនាសម្ព័ន្ធទាំងមូលរងការខូចខាតដោយសារកត្តាអាយុកាល និងកត្តាធម្មជាតិ។
ក្រោយពីការជួសជុលត្រូវបានបញ្ចប់ អ្នកជំនាញរំពឹងយ៉ាងមុតមាំថា ស្ពានហាលដ៏មានសារសំខាន់នេះនឹងត្រឡប់មករកភាពរឹងមាំគង់វង្សឡើងវិញ ដើម្បីទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ ព្រមទាំងជួយលើកសម្រស់ប្រាសាទបេងមាលា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើនឡើងថែមទៀត។
ប្រភព៖ ក្រសួងព័ត៌មាន