ទីក្រុងហ្សាការតា ៖ សមាជិកក្រុមបាល់ទាត់ជម្រើសជាតិឈុតធំបុរសឥណ្ឌូណេស៊ី បានទទួលទានអាហារថ្ងៃត្រង់ និងទទួលបានកាដូនាឡិកាដៃ Rolex តម្លៃជាង១៥ ០០០ដុល្លារអាមេរិកម្នាក់១គ្រឿងជាអំណោយដ៏ពិសេសពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto) បន្ទាប់ពីពួកគេបានយកឈ្នះលទ្ធផល ១-០ លើក្រុមជម្រើសជាតិចិន នៅក្នុងការប្រកួតជម្រុះជុំទី៣ ពូល C ពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ប្រចាំតំបន់អាស៊ី។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ស៊ូប៊ៀនតូ បានស្វាគមន៍ និងទទួលអាហារថ្ងៃត្រង់ដល់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅឯគេហដ្ឋានឯកជនរបស់លោកក្នុងទីក្រុងហ្សាការតា កាលពីថ្ងៃទី៦ ខែមិថុនា កន្លងទៅ ពោលមួយថ្ងៃ បន្ទាប់ពីការឈ្នះជាប្រវត្តិសាស្ត្ររបស់ឥណ្ឌូណេស៊ីលើចិនក្នុងការប្រកួតជម្រុះ World Cup ជុំទី៣។ តាមប្រភពពីសារព័ត៌មានឥណ្ឌូណេស៊ី Suara បានរាយការណ៍កាលពីពេលថ្មីៗនេះថា ការទទួលទានអាហារថ្ងៃត្រង់ពិសេសនេះ ចំណាយ រយៈពេលប្រហែល៩០នាទី ហើយនៅពេលកីឡាករទាំងអស់ចាកចេញ ម្នាក់ៗត្រូវបានគេឃើញកាន់ថង់ក្រដាសយួរដៃ ដែលប្រអប់ និងនាឡិកាដៃ Rolex GMT-Master II តម្លៃប្រហែល ២៥៤លានរូពី ឬស្មើនឹង ១៥ ៦០០ដុល្លារក្នុង១គ្រឿង។
អំឡុងពេលអាហារថ្ងៃត្រង់ លោក ស៊ូប៊ៀនតូ ដែលបង្ហាញវត្តមានទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋាន Gelora Bung Karno ទីក្រុងហ្សាកាតា កាលពីថ្ងៃទី៥ ខែមិថុនានោះ បានកោតសរសើរគ្រូបង្វឹកសញ្ជាតិហូឡង់ លោក Patrick Kluivert និងការបំពេញការងារដ៏របស់ក្រុមជម្រើសជាតិ។ លោកបានលើកទឹកចិត្តដល់កីឡាករទាំងអស់ឱ្យរក្សាការប្តេជ្ញាចិត្តពួកគេ ហើយបន្តខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យនៅក្នុងការប្រកួតនៅសល់នៃយុទ្ធនាការជម្រុះ World Cup ឆ្នាំ២០២៦ ប្រចាំតំបន់អាស៊ី ដើម្បីដណ្តើមបានកៅអីទៅកាន់ការប្រកួតព្រឹត្តិការណ៍នៅឆ្នាំក្រោយ ដែលកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះរួមគ្នា។
សូមជម្រាបជូនថា ជាមួយជ័យជម្នះដ៏សំខាន់លើចិន បានជួយឱ្យឥណ្ឌូណេស៊ីបន្តទៅកាន់ការប្រកួតជុំទី៤។ នៅក្នុងពូល C ជប៉ុនបានកក់កៅអីព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ ចំណែកអូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត រង់ចាំត្រូវអ៊ុតលទ្ធផលប្រកួតចុងក្រោយ រីឯឥណ្ឌូណេស៊ីបន្តទៅការប្រកួតជម្រុះជុំទី៤ ដ្បិតបារ៉ែន និងចិនអស់ឱកាសត្រឹមជុំនេះ បើទោះជាសល់១ប្រកួតទៀតយ៉ាងណាក៏ដោយ។ តាមច្បាប់ការប្រកួត ក្រុមកំពូលទាំងពីរក្នុងពូលនីមួយៗក្នុងចំណោម៣ពូល បានកៅអីស្វ័យប្រវត្តិទៅកាន់ការប្រកួតព្រឹត្តិការណ៍ World Cup ស្របពេលក្រុមលេខ៣ និងលេខ៤ បន្តទៅការប្រកួតជម្រុះជុំទី៤។
គិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបានកក់កៅអីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំក្រោយ រួមមាន ៖ ក្រុមតំបន់អាស៊ី (អ៊ីរ៉ង់ ជប៉ុន ហ្ស៊កដានី កូរ៉េខាងត្បូង អ៊ូសបេគីស្ថាន), ក្រុមតំបន់ CONCACAF មិនទាន់រកឃើញនៅឡើយ ក្រៅពីសហម្ចាស់ផ្ទះកាណាដា ម៉ិកស៊ិក សហរដ្ឋអាមេរិក សិទ្ធិជាម្ចាស់ផ្ទះ, ក្រុមតំបន់អាមេរិកខាងត្បូង (អាហ្សង់ទីន) និងក្រុមតំបន់អូសេអានី (នូវែលសេឡង់)៕ ដកស្រង់ ៖ VnExpress





