(ខេត្តតាកែវ)៖ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ នេះ អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ មន្រ្តីជំនាញខេត្តតាកែវ បង្ក្រាបបានបង្គាចាក់ចាហួយចំនួន ៣៧កេស ស្មើនឹង ៣៧០គីឡូក្រាម និងបានធ្វើកំណត់ហេតុដកហូត ដើម្បីដុតកម្ទេចចោល។
តាមការបញ្ជាក់បន្ថែមរបស់ អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ថា មន្រ្តីជំនាញសាខា អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវ បានចូលរួមសហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្តតាកែវ និងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង បានធ្វើការត្រួតពិនិត្យបង្គាស្រស់ ដែលបានដឹកដោយរថយន្តកូរ៉េ ពាក់ស្លាកលេខ 2A-កំពង់ធំ 0574 មានចំនួន ១៣០កេស ស្មើនឹង ១តោន ៣០០គីឡូក្រាម។ ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញមានបង្កាចាក់ចាហួយចំនួន ៣៧កេស ស្មើនឹង ៣៧០គីឡូក្រាម និងបានធ្វើកំណត់ហេតុដកហូត ដើម្បីដុតកម្ទេចចោលផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF