តម្លៃនៃការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប របស់កម្ពុជា គិតត្រឹម ខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៤,៥ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ២១,៩% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈដែលតម្លៃនៃការនាំចេញសរុបសម្រាប់គ្រប់មុខផលិតផលរបស់កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានតម្លៃប្រមាណ ៩,៣ពាន់លានដុល្លារអាម៉េរិក ឬកើនឡើងប្រមាណ ១៥,៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងនោះ ការនាំចេញទៅអាម៉េរិក កើនឡើង ២៦,៧% ការនាំចេញទៅជប៉ុន កើនឡើង ២១,៨% ការនាំចេញទៅអឺរ៉ុប កើនឡើង ២១,៧% ការនាំចេញទៅអាស៊ាន កើនឡើង ១៩,១% ហើយការនាំចេញទៅចក្រភពអង់គ្លេស កើនឡើង ១១,៤%។
លោក ស៊ុន មេសា បានសម្ដែងការអបអរចំពោះបងប្អូនកម្មករ និងនិយោជក របស់យើងទាំងអស់ ដែលបានរួមគ្នាយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្រេចកិច្ចការងារដ៏ប្រពៃសម្រាប់សង្គមជាតិ មាតុភូមិកម្ពុជា , ជាមួយនេះលោកសូមអំពាវនាវដល់បងប្អូនកម្មករបន្តជឿជាក់លើក្រសួងការងារ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងឈរនៅជាមួយបងប្អូនគ្រប់ពេលវេលា ព្រមទាំងគិតគូរប្រយោជន៍ជូនបងប្អូនកម្មករ និងនិយោជកជានិច្ច ដើម្បីប្រយោជន៍ជីវភាពទាំងអស់គ្នា ប្រយោជន៍សេដ្ឋកិច្ចជាតិ និងសង្គម៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN














