អភិបាលកាលីហ្វ័រញ៉ា ផ្គើនត្រាំ៖ «បើចិត្តសឿង ចាប់ខ្ញុំទៅ!» – ជម្លោះអន្តោប្រវេសន៍កាន់តែក្ដៅ

អភិបាលកាលីហ្វ័រញ៉ា ផ្គើនត្រាំ៖ «បើចិត្តសឿង ចាប់ខ្ញុំទៅ!» – ជម្លោះអន្តោប្រវេសន៍កាន់តែក្ដៅ


ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​នូសោម (New Som) ​ជា​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា​ដែល​កំពុង​​កើត​មាន​ចលនា​បាតុកម្ម​យ៉ាង​ពុះ​កញ្ជ្រោល​ប្រឆាំង​នឹង​ផែន​ការ​របស់​លោក​ត្រាំ​ដែល​ចង់​បណ្ដេញ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​។ លោក​បាន​និយាយ​ផ្គើន​ដាក់​លោ​កត្រាំ​ថា​បើ​ចិត្តសឿង​ចាប់​ខ្លួន​គាត់​ទៅ​។ ​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ារូប​នេះ​​​​ជា​មនុស្ស​របស់​​​​គណ​បក្ស​ប្រជា​ធិប​តេយ្យ​​។ អីចឹង​ហើយ​បាន​ជា​ជំហរ​របស់​គាត់​មិន​ស្រប​នឹង​លោក​ត្រាំ​ទេ​។

​ការ​ដែល​លោក​នូ​សោម​​ហ៊ាន​ប្រើ​សម្ដី​ផ្គើនដាក់​លោក​ត្រាំ​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​​ត្រាំ​ព្រមាន​ចាប់​ខ្លួន​លោក​បើ​លោក​ជា​មន្ត្រី​ផ្នែក​អន្តោ​ប្រវេសន៍​ដូច​ជា​លោក​ថម​ ហូមេន (Tom Homan)។ ត្រាំ​ថា​បើ​អាច​ធ្វើ​បែប​នេះ​បាន​មិន​ដឹង​ជា​អស្ចារ្យ​យ៉ាង​ណា​ទេ​។ បាន​ជា​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា​ហ៊ាន​ប្រើ​សម្ដី​ថ្លោស​ដាក់​លោក​​ត្រាំ​ព្រោះ​លោក​ដឹង​ថា​​ទោះ​បី​អំណាច​ប្រធានាធិបតី​អាមេរិក​ធំ​ដល់​កម្រិតនេះ​ក៏​ដោយ​ក៏​មិន​អាច​ដក​គាត់​ពីតំណែង​បាន​ឡើយ​។ នេះ​បើ​យោង​ទៅ​តាម​ច្បាប់របស់​ប្រទេស​​អាមេរិក​។​

​កាល​ពី​មុន​នេះ លោ​កហូមេន​ធ្លាប់​និយាយ​ថា​អ្នក​​ផ្ដល់​ទី​ជម្រក​ឱ្យ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់។​ សូម្បី​តែ​អភិ​បាល​រដ្ឋ​កាលី​ហ្វ័រញ៉ា​ លោក​នូសោម​ក៏​មិន​រួច​ខ្លួន​ដែរ​។ ចលនា​បាតុ​កម្ម​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​មន្ត្រី​អន្តោ​ប្រវេសន៍​ចុះ​ឆែក​ឆេរ​ និង​ចាប់​ខ្លួន​មនុស្ស​នៅ​​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​។​ ចលនា​​បាតុ​កម្ម​​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​លោក​ត្រាំ​បញ្ជូន​ឆ្មាំ​សន្តិ​សុខ​ជាតិ​​ទៅ​ចាត់​ការ​ពួក​បាតុករ​ទោះ​បី​លោក​នូសោម និង​មន្ត្រី​របស់​​លោក​​​ប្រឆាំង​ជំទាស់​យ៉ាង​ណា​ក្ដី​។​

លោក​នូសោម​ថ្លែង​ប្រាប់​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឈ្មោះ​មេ​ដាស់​ ថាច់​ (MeidasTouch) ថា​នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សោក​សៅ ។ នេះ​ហើយ​​ជា​មូល​ហេតុ​​ដែល​លោក​ប្រាប់​លោក​ត្រាំ​ថា​បញ្ឈប់​សកម្ម​ភាព​នេះ​ទៅ, ហើយ​មក​ចាប់​ខ្លួន​លោក​វិញ​ល្អ​ជាង​។ បើ​លោ​កចង់​បក​ស្បែក​មនុស្ស​ សូម​បក​ស្បែក​ខ្ញុំ​មក​ចុះ​។ ប៉ុន្តែ​ឈប់​រំខាន​ពួក​ក្មេង​ៗ​ដែល​គ្នា​មិន​ដឹង​អី​។ ឈប់​រំខាន​ក្មេង​ៗ​អាយុ​ត្រឹម​តែ​៤​ឆ្នាំ​ប៉ុណ្ណោះ​, ក្មេង​ៗ​រៀន​នៅ​សាលា​បឋម​សិក្សា​, យើង​មាន​កូន​តូច​ៗ​, យើង​មាន​យុវជន​ដែល​ត្រូវ​បញ្ចប់​ការ​សិក្សា​។​

លោក​នូសោម​ថ្លែង​ថា​លោ​កបាន​ដឹង​អំពី​សកម្ម​ភាព​របស់​​មន្ត្រី​​អន្តោ​ប្រវេសន៍​ដែល​ដាក់​ប៉ុស្តិ៍​ឆែក​ឆេរ​ជា​ច្រើន​កន្លែង​នៅ​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​ដើម្បី​សួរ​រក​ប័ណ្ណ​សម្គាល់​​ខ្លួន​​។ លោក​ហូ​មេន​ព្រមាន​ថា​នឹង​បន្ត​ចាត់​វិធាន​ការ​ឆែក​ឆេរ​ដូច​ភ្លៀង​រលឹម​ដើម្បី​ស្វែង​រក​ជន​អន្តោ​ប្រវេសន៍​បញ្ជូន​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ​។ អ្នក​ណា​ហ៊ាន​រារាំង​សកម្ម​ភាព​នេះ​ត្រូវ​ចាប់​ខ្លួន​ឡើង​តុលាការ​។ សូម្បី​តែ​មន្ត្រី​រដ្ឋា​ភិបាល​ដែល​ឡើង​កាន់​អំណាច​ដោយ​ការ​បោះ​ឆ្នោត​ក៏​ត្រូវ​តែ​ចាប់​ខ្លួន​ដែរ​។

អភិ​បាល​រដ្ឋ​កាលី​ហ្វ័រញ៉ា និង​អភិ​បាល​ក្រុង​ឡូស​អេន​ជើ​ឡេស​មិន​គាំទ្រ​ចំណាត់​ការ​នេះ​ទេ​។ លោក​ស្រី​ការ៉ែន​ បាស់​ (Karen Bass) ជា​អភិបាល​ក្រុង​ចាត់​ទុក​ថា​វិធាន​ការ​នេះ​មិន​ចាំ​បាច់​ទាល់​តែ​សោះ​។ ទោះ​បី​រដ្ឋាភិបាល​ព្យាយាម​ដាក់​សម្ពាធ​ខ្លាំង​យ៉ាង​ណា​ ​លោក​ស្រី​មិន​ចុះ​ចាញ់​ជា​ដាច់​ខាត​។ ​លោក​នូសោម​ថ្លែង​បន្ថែម​​ថា​លោក​ហូមេន​បើ​ពូកែ​ណាស់​ចូល​ទៅ​ចាប់​ខ្លួន​គាត់​ទៅ​។

លោក​នូសោម​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​កូន​ចៅ​របស់​លោក​ត្រាំ​កំពុង​គំរាម​ចាប់​ខ្លួន​ខ្ញុំ​ដោយ​សារ​ការ​បញ្ចេញ​មតិ​។ ឥឡូវ​នេះ បើ​លោក​​ឯង​គ្រាន់​បើ​ណាស់​ចូល​មក​ចាប់​ខ្លួន​ខ្ញុំ​មក​។ ប៉ុន្តែ​បើ​ចង់​បំបិទ​មាត់​ខ្ញុំ​មិន​ឱ្យ​និយាយ​ការ​ពារ​រដ្ឋ​កាលី​ហ្វ័រញ៉ា​ទៅ​មិន​រួច​ទេ​​។ រដ្ឋ​កាលី​ហ្វ័រញ៉ា​​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​រួច​ហើយ​ដើម្បី​ជំទាស់​នឹង​ចំណាត់​ការ​របស់​លោក​ត្រាំ​ដែល​ត្រៀម​បញ្ជូន​​ឆ្មាំ​សន្តិ​សុខ​ជាតិ​២​ពាន់​នាក់​ទៅ​​រដ្ឋ​នេះ​​​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អភិបាល​រដ្ឋ​​ (លោក​នូ​សោម)​ សូម្បី​តែ​១​ម៉ាត់​៕​



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles