រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន០៣នាក់ ចេញពីគុកមកមិនទាន់បានប៉ុន្មានឆ្នាំផង ធ្វើសកម្មភាពឆក់យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាង ១០ករណី ត្រូវនគរបាលខណ្ឌ៧មករា ឃាត់ខ្លួន។
ការឃាត់ខ្លួននេះបានធ្វើឡើង វេលាម៉ោង ១៣និង៤៥នាទីរសៀលនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានបទបញ្ជាពីឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញា ឈានដល់ការឃាត់ខ្លួនបានភ្លាមៗ។
ជនសង្ស័យ ០៣នាក់ មានឈ្មោះទី ១-ហោ វណ្ណ ហៅ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ ទី២-សុខ ខេង ហៅ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ ។និងទី៣-មាស សុវណ្ណរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ ។
នគរបាលជំនាញនៃអធិការនគរបាលខណ្ឌ៧មករា បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង០៣នាក់នេះជាមុខសញ្ញាចាស់ធ្លាប់ជាប់ ធ្លាប់ជាប់ពន្ធនាគារ ចេញមកវិញ អំឡុងឆ្នាំ២០២២និង២០២៣ បានបន្តធ្វើសកម្មភាពឆក់យ៉ាងសកម្មភាពក្នុងរាជធានីភ្នំពេញ សរុបចំនួន០៨ករណី រួមមានក្នុងមូលដ្ឋាន ៖ ក្នុងមូលដ្ឋាន៧មករា ០៣ ករណី, ដូនពេញ ០១ ករណី, ទួលគោក ០២ ករណី, ចំការមន ០១ ករណីនិងឬស្សីកែវ ០១ ករណី ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាល ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ៧មករា កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនិតិវិធី ។
សូមបញ្ជាក់ថា ក្រោយធ្វើការបង្ក្រាបជនសង្ស័យទាំងនេះបាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តឧបត្ថម្ភថវិកា២លានរៀលលើកទឹកចិត្តដល់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាដែលបានបង្ក្រាបបានដោយជោគជ័យ ៕








