រុស្ស៊ី​វា.យ​ប្រ.ហារ​ដ្រូន​ដ៏​រន្ធត់​លើ​ខាគីវ៖ ស្លាប់​៣ របួស​ជាង៦០​នាក់ ព្រម​ទាំង​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ

រុស្ស៊ី​វា.យ​ប្រ.ហារ​ដ្រូន​ដ៏​រន្ធត់​លើ​ខាគីវ៖ ស្លាប់​៣ របួស​ជាង៦០​នាក់ ព្រម​ទាំង​ដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ


ទី​ក្រុង​ខាគីវ៖ ​​រុស្ស៊ី​វាយ​ប្រហារ​​ដោយ​យន្ត​ហោះ​ដ្រូន​ទៅ​លើ​ទី​ក្រុង​ខាគីវ​របស់​អ៊ុយ​ក្រែន​ទាំង​កណ្ដាល​អធ្រាត្រ​​រយៈ​ពេល​៩​នាទី​​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​បី​នាក់​ និង​របួស​៦៤​នាក់​។ ក្នុ​ងនោះ​មាន​កុមារ​៩​នាក់​។ នេះ​បើ​​តាម​ការ​ប្រកាស​របស់​អាជ្ញា​ធរ​អ៊ុយ​ក្រែន​។ ប្រតិ​បត្តិ​ការ​នេះ​​​កើត​ឡើង​បន្ទាប់​ពី​រុស្ស៊ី​ទើប​តែ​វាយ​ប្រហារ​​​មូល​ដ្ឋាន​ទ័ព​អាកាស​​អ៊ុយ​ក្រែន​ប៉ុន្មាន​ថ្ងៃ​មុន​​ដែល​ជា​​ផ្នែក​១​នៃ​ការ​សង​សឹក​ករណី​ដែល​អ៊ុយ​ក្រែន​បាញ់​ឆេះ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​រុស្ស៊ី​ជាង​៤០​គ្រឿង​កាល​ពី​ជាង​១​​សប្ដាហ៍​មុន​។

ក្រឡេក​ទៅមើល​តំបន់​មីកូឡាយ និង​ខឺសុន (Mykolaiv & Kherson) ឯណោះ​វិញ​ រុស្ស៊ីវាយ​ប្រហារ​រោង​ចក្រ​អគ្គិស​នី​ និង​ទី​តាំង​ផលិត​ថាម​ពល​​​ដទៃ​ទៀត​ ជា​ហេតុ​ធ្វើ​ឱ្យ​ដាច់​ភ្លើង​គ្រប់​ទី​កន្លែង​​​។ ខា​គីវ​ជា​ទី​ក្រុង​ធំ​លំដាប់​ទី​២​របស់​អ៊ុយ​ក្រែន​ស្ថិត​នៅ​ភាគ​ឦសាន​។ ទី​នេះ​​រង​គ្រោះ​​​ជាង​​​កន្លែង​​ណា​ៗ​ទាំង​អស់​។ ចាប់​តាំង​ពី​សង្គ្រាម​អ៊ុយ​ក្រែន​ផ្ទុះ​ឡើង​ភ្លាម ទី​នេះ​រង​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ដោយ​ដ្រូន​ផង មីស៊ីល​ផង និង​គ្រាប់​បែក​បញ្ជា​ពី​ចម្ងាយ​ផង​។

អភិ​បាល​ក្រុង​ខាគីវ លោក​អ៊ី​ហ័រ ថេ​រ៉េ​កូស (Ihor Terekhov) ​​បង្ហោះ​សារ​នៅ​លើ​តេ​ឡេ​ក្រាម​ថា​រុស្ស៊ី​វាយ​ប្រហារ​ដោយ​ដ្រូន​១៧​គ្រឿង​ទៅ​លើ​ទី​ក្រុង​នេះ​ធ្វើ​ឱ្យ​ឆេះ​ផ្ទះ​១៥​ល្វែង​នៃ​អគារ​កម្ពស់​៥​ជាន់​។ ទី​កន្លែង​ដទៃ​ទៀត​ក៏​រង​ការ​ខូច​ខាត​ផងដែរ​។ លោក​សរ​សេរ​បន្ត​ទៀត​ថា​រុស្ស៊ី​វាយ​តម្រង់​ទៅ​រក​អគារ​ច្រើន​ជាន់​ ផ្ទះ​ឯក​ជន​របស់​ប្រជា​ជន​ សួន​កុមារ រោង​ចក្រ និង​មធ្យោ​បាយ​ដឹក​ជញ្ជូន​សា​ធារណៈ​។​

គេ​ឃើញ​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​បាន​ឡើង​ទៅ​លើ​អគារ​ដែល​​កំពុង​ឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​ដើម្បី​រំដោះ​មនុស្ស​ដែល​នៅ​ក្នុង​នោះ​ ខណៈ​ដែល​​ក្រុម​​​ការ​ងារ​ដទៃ​ទៀត​ខិត​ខំ​ពន្លត់​ភ្លើង​។ គេ​បាន​បញ្ជូន​អ្នក​របួស​​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​។ ជា​រួម,​ អ៊ុយ​ក្រែន​អះ​អាង​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​៨៥​គ្រឿង​ទៅ​វាយ​ប្រហារ​កាល​ពី​យប់​មិញ​។ ប៉ុន្តែ​អ៊ុយ​ក្រែន​អាច​បាញ់​ទម្លាក់​ដ្រូន​បាន​៤០​គ្រឿង​។

នៅ​តំបន់​ខឺសុន​ ក្រុ​ម​ការ​ងារ​ព្យាយាម​ត​ភ្ជាប់​បណ្ដាញ​អគ្គិស​នី​ជា​ប្រញាប់​បន្ទាប់​ពី​រុស្ស៊ី​វាយ​ប្រហារ​ចំ​ទី​តាំង​ផលិត​ភ្លើង​ធំ​។ ​​អភិ​បាល​តំបន់​នេះ​មិន​ទាន់​ដឹង​ថា​ច្បាស់​ថា​តើ​​ពេល​ណា​ទើប​អាច​តភ្ជាប់​ភ្លើង​បាន​ឡើង​វិញ​ទេ​​។ ចំណែក​អភិ​បាល​តំបន់​មីកូឡាយ​ (Mykolaiv) ថ្លែង​ថា​តំបន់​របស់​លោក​ក៏​ដាច់​ភ្លើង​ផង​ដែរ​។ ប៉ុន្តែ​លោ​កសង្ឃឹម​ថា​នឹង​ត​ភ្ជាប់​ឡើង​វិញ​ឆាប់​ៗ​នេះ​។ ខឺសុន​ស្ថិត​នៅ​ជាប់​នឹង​សមរភូមិ​មុខ​តែ​ម្ដង​ ហើយ​តែង​តែ​រង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ មីស៊ីល​ និង​កាំ​ភ្លើង​ធំ​ជាប់​ជា​ប្រចាំ​៕​



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles