យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូសហការ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានចុះទៅសំណេះសំណាល និងនាំយកថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលតេជោអភិវឌ្ឍ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានវត្តមានថ្នាក់ដឹកនាំស.ស.យ.ក. តំណាងគ្រឹះស្ថានឧត្តមសិក្សា អង្គការសមាគមយុវជននានា ព្រមទាំងវិស័យឯកជនចូលរួមជាច្រើននាក់។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ហ៊ុន ម៉ានី ជំនួសមុខឱ្យគណៈប្រតិភូ ជាពិសេស ក្នុងនាមបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈដែលត្រូវបាននាំមកប្រគល់ជូននាពេលនេះ បានធ្វើការថ្លែងអំណរគុណនិងសម្តែងនូវការគោរពជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងការពារទឹកដី និងប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន។ ជាមួយគ្នានោះ ឯកឧត្តមសូមផ្តាំផ្ញើនូវសារលើកទឹកចិត្ត និងពាក្យពេចន៍ជូនពរពីសមរភូមិក្រោយជូនដល់បងៗ។
ឯកឧត្តមបានបន្តថា បើទោះបីជាយើងរស់នៅក្នុងសុខសន្តិភាព និងនឿយណាយជាមួយសង្រ្គាម ដែលយើងទាំងអស់គ្នាធ្លាប់ជួបប្រទះក្នុងអតីតកាល ក៏យើងនៅតែរក្សាបានខឿនការពារជាតិដ៏រឹងមាំ ដែលធានាមិនឱ្យសន្តិភាពបាត់បង់បានឡើយទោះជាក្នុងតម្លៃណាក៏ដោយ។ ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ទៅដល់កងកម្លាំងទាំងអស់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានមានចំណាត់ការ និងប្រើប្រាស់យន្តការគ្រប់មុខសញ្ញាដើម្បីដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយធានាឱ្យបានជាដាច់ខាតនូវអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ ប្រកបដោយភាពចាស់ទុំ ទន់ភ្លន់ តែម៉ឺងម៉ាត់។ ដូច្នេះ ឯកឧត្តមសូមអំពាវនាវដល់បងប្អូនទាំងអស់បន្តរក្សាភាពស្ងៀមស្ងាត់ និងប្រុងប្រៀបជានិច្ចចំពោះរាល់សភាពការណ៍នានាដោយគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការការពារទឹកដី៕
ប្រភព៖ ក្រសួងព័ត៌មាន