ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់ធ្លាប់ជាប់គុក និងប្រើថ្នាំញៀន មិនរាងចាល បានធ្វើសកម្មភាពកាន់ដំបង ស្ទាក់រត់ដេញតាមវាយ ក្មេងស្រីសិស្សសាលាកំពុងជិះម៉ូតូឌុបគ្នាទៅរៀន ប្លន់យកម៉ូតូបានសម្រេច គេចខ្លួនបាន៤ថ្ងៃ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ។
ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល ។
សមត្ថកិច្ចស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ហេង ចាន់ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល ធ្វើតេស្តទឹកនោមជាលទ្ធផលវិជ្ជមាន និងធ្លាប់ជាប់ពន្ធនាគារអស់រយៈពេល០៤ឆ្នាំ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ។ ក្នុងនោះវត្ថុតាងចាប់យករួមមាន ៖ ដំបងឈើជ្រុងចំនួន០១ ។
ចំណែកជនរងគ្រោះមានឈ្មោះ ស.ស.ជ.ណ.ណ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរ ជាសិស្ស មានទីលំនៅភូមិព្រែកសំរោង ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល ។ ក្នុងនោះសម្ភារៈបាត់បង់ ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា ZOOMER-X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HG-1840 ដែលជាមធ្យោបាយរបស់ជនរងគ្រោះ ។
លោកបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ កាលពីវេលាម៉ោង០៥ និង៤០នាទីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥
ជនរងគ្រោះបានជិះម៉ូតូដឹកមិត្តភក្តិ ក្នុងគោលបំណងមករៀនភាសារអង្គគ្លេស នៅចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យបានរត់កាន់ដំបងជាប់នឹងដៃ ចេញកាក់ម៉ូតូរបស់ជនរងគ្រោះអោយឈប់ ហើយក៏បានធ្វើសកម្មភាពរត់ដេញវាយទៅលើជនរងគ្រោះទាំង ០២នាក់ ខាងលើនេះធ្វើអោយពួកគាត់ មានការភ័យខ្លាចយ៉ាងខ្លាំងក៍បានផ្តួលម៉ូតូរបស់គាត់ចោលនៅលើផ្លូវបេតុងដោយមិនបានដកកូនសោរនោះទេ ហើយបាននាំគ្នារត់ទៅអោយប្រជាពលរដ្ឋ ដែលរស់នៅជិតខាងជួយពួកគាត់ នៅពេលនោះជនសង្ស័យឃើញមានឱកាសល្អក៏បានលើកយកម៉ូតូរបស់ជនរងគ្រោះខាងលើនេះ ជិះគេចខ្លួនមកទីសខាងជើងបាត់ទៅ ។
ក្រោយមកជនរងគ្រោះគាត់បានខលទូរសព្ទប្រាប់ទៅឪពុក ម្តាយ អំពីរឿងហេតុដែលកើតឡើង ហើយក្រុមគ្រួសារបានមកជួយ និងជូនពួកគាត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីអោយសមត្ថកិច្ចយើងជួយធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាប្រព្រឹត្តបទល្មើសខាងលើនេះយកមកចាត់ការតាមនិតិវិធីច្បាប់ ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ក៏កម្លាំងជំនាញបើកការស្រាវជ្រាវ អស់រយៈពេល០៤ថ្ងៃ ទើបកំណត់មុខសញ្ញាបាននឈានទៅដល់បង្ក្រាប ជនសង្ស័យនៅចំណុចភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) បញ្ចូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីមកធ្វើសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយថាសាភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដំបងវាយប្លន់ម៉ូតូជនរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុកកោះធំ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕


