បិទព្រំដែនទាហានថៃ៖ ពាណិជ្ជកម្មថៃ-កម្ពុជា រងការខាតបង់ ៥០០លានបាត (១៣.៦លានដុល្លារ) ក្នុងមួយថ្ងៃ

បិទព្រំដែនទាហានថៃ៖ ពាណិជ្ជកម្មថៃ-កម្ពុជា រងការខាតបង់ ៥០០លានបាត (១៣.៦លានដុល្លារ) ក្នុងមួយថ្ងៃ

បើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation បានឲ្យដឹងថា សហព័ន្ធឧស្សាហកម្មថៃ (FTI) បានសម្ដែងការព្រួយបារម្ភកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ថា វិធានការបិទច្រកព្រំដែនដោយឯកតោភាគីពីសំណាក់ទាហានថៃ មកលើខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា អាចនឹងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មតាមព្រំដែន ដែលមានតម្លៃសរុប ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ស្មើប្រមាណ៤៦០០លានដុល្លារ។


ប្រធាន FTI លោក គ្រៀងក្រៃ ធាននុកុល (Kriengkrai Thiennukul ) បានប្រាប់កាសែត ឋានសេដ្ឋកិច្ច (Thansettakij ) ថា វិធានការដែលពាក់ព័ន្ធនឹងការបើក និងបិទច្រកព្រំដែនតាមកាលវិភាគរបស់យោធាថៃដែលចាប់ផ្ដើមមុនគេ នឹងធ្វើឲ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ដ្បិតពេលនេះសមាជិកសហព័ន្ធឧស្សាហកម្មថៃ (FTI) មួយចំនួន បានចាប់ផ្តើមទទួលរងផលប៉ះពាល់រួចហើយ គ្រាន់តែថាគេមិនទាន់អាចវាយតម្លៃពីទំហំខូចខាតពេញលេញតែប៉ុណ្ណោះ។

លោក គ្រៀងក្រៃ បានពន្យល់ថា ពាណិជ្ជកម្មតាមព្រំដែនរវាងថៃ-កម្ពុជា មានតម្លៃប្រមាណ ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ដោយច្រកខ្លងឡឹក (នៅខាងកម្ពុជាហៅថា ប៉ោយប៉ែត) ពាណិជ្ជកម្មថៃច្រើនជាងគេ ដែលមានប្រហែល ១១០ពាន់លានបាត ឬ ៦៤%។ ដូច្នេះតាមការប៉ាន់ស្មានថា ផលប៉ះពាល់អាចមានតម្លៃប្រហែល ៥០០លានបាតក្នុងមួយថ្ងៃ (១៣.៦លានដុល្លារ) បើគិតលើតម្លៃនាំចេញសរុប , ប៉ុន្តែវាគ្រាន់តែមានផ្នែកមួយចំនួនប៉ុណ្ណោះ ដែលរងផលប៉ះពាល់ផ្ទាល់។

ដូច្នេះ វាចាំបាច់ សម្រួលដល់ការចរចាសន្តិភាព និងមិត្តភាព «យើងសង្ឃឹមថា កិច្ចពិភាក្សានឹងផ្តល់លទ្ធផលល្អ ជាមួយនឹងការយោគយល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាឱ្យច្រកព្រំដែនវិលទៅរកភាពប្រក្រតីឡើងវិញ»៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

administrator

Related Articles