ការទូតកម្ពុជា៖ របត់​ប្រវត្តិសាស្ត្រ​ឆ្ពោះ​ទៅ​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​បារាំង បើក​ផ្លូវ​ការទូត​ទូលាយ​នៅ​អឺរ៉ុប

ការទូតកម្ពុជា៖ របត់​ប្រវត្តិសាស្ត្រ​ឆ្ពោះ​ទៅ​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​បារាំង បើក​ផ្លូវ​ការទូត​ទូលាយ​នៅ​អឺរ៉ុប

ការ​ត្រួសត្រាយ​ផ្លូវ​តាម​រយៈ​ការ​រៀបចំ​ផែនទី​បង្ហាញផ្លូវ​ដើម្បី​ឈាន​ដល់​ការ​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​កម្ពុជា​និង​បារាំង ជា «ដៃគូ​យុទ្ធសាស្ត្រ​» គឺជា​របត់​ប្រវត្តិសាស្ត្រ​ការទូត​មួយ​ថ្មី​ទៀត​របស់​កម្ពុជា ។

ការ​អភិវឌ្ឍន៍​ទំនាក់ទំនង​ចាប់តាំងពី​ឋានៈ​ប្រទេស​រស់​ក្រោម​អាណានិគមនិយម​របស់​បារាំង​មក​ជា​ប្រទេស ដែល​អាច​នឹង​ក្លាយជា ដៃគូ​យុទ្ធសាស្ត្រ ជាមួយ​គ្នា គឺជា​រឿង​មិនធម្មតា​មួយ​។ នេះ​អាច​ជា​ជំហាន​ការទូត​មួយ​របស់​កម្ពុជា​ដើម្បី​ត្រួសត្រាយ​ទៅ​រក​វិ​ថី​ការទូត​នៅ​អឺរ៉ុប​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ។


ការ​ប្រកាស​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ពី​ទីក្រុង​នី​ស នៅ​ក្រោយ​ពេល​ជំនួប​ពិភាក្សា​នៅ​ក្រៅ​សន្និសីទ​លើក​ទី​៣ របស់​អង្គការសហប្រជាជាតិ ស្តី​ពី​មហាសមុទ្រ (UNOC3) វា​គឺជា​ដំណឹង​ដ៏​មោទនភាព​មួយ​សម្រាប់​កម្ពុជា ។

តាម​រយៈ​ផែនទី​បង្ហាញផ្លូវ​ដែល​មន្ត្រី​កម្ពុជា​និង​បារាំង​នឹង​រៀបចំ​នេះ យើង​សង្ឃឹមថា វា​នឹង​បញ្ចប់​នៅ​ក្នុងអំឡុងពេល​ដែល លោក អេ​ម៉ា​នូ​អែ​ល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា ក៏​ដូច​ជា​មក​ចូលរួម កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ ក្នុង​ឆ្នាំ​២០២៦​ខាង​មុខ ។

ប្រសិនបើ​កិច្ចព្រមព្រៀង «ដៃគូ​យុទ្ធសាស្ត្រ​» នេះ​ពិតជា​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ពេល​នោះ​មែន កិច្ចព្រមព្រៀង​នេះ​នឹង​ក្លាយជា​ចំណុច​របត់​ជា​ប្រវត្តិសាស្ត្រ និង​ការ​ផ្លាស់​ប្តូរ​ដ៏​សម្បើម​របស់​កម្ពុជា​ដែល​អាច​ប្រែក្លាយ​ខ្លួន​ទៅ​ជា​ដៃគូ​ជាមួយ​បារាំង​ដែល​ធ្លាប់​ជា​អាណាព្យាបាល​របស់​ខ្លួន​ដោយ​ស្មើភាព ដោយ​ផ្អែក​លើ​ផលប្រយោជន៍ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។

ទំនាក់ទំនង​រវាង​កម្ពុជា​និង​បារាំង​មាន​លក្ខណៈ​ប្លែក​ពី​គេ​ជា​យូរ​មក​ហើយ​។ ក្នុង​នាម​ជា​អតីត​អាណានិគម​របស់​កម្ពុជា បារាំង​បាន​ដើរតួ​នាទី​ជា​ប្រភព​ដើម​នៃ​បែបបទ ប្រព័ន្ធ​រដ្ឋបាល ច្បាប់ និង​ការ​អប់រំ​របស់​ប្រទេស​។ បន្ទាប់​ពី​ឯករាជ្យ ទំនាក់ទំនង​នេះ​បាន​វិ​វត្ត​តាម​រយៈ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​វប្បធម៌ ភាសា និង​ការ​អភិវឌ្ឍន៍​។ សព្វ​ថ្ងៃនេះ ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ច្រើន​គួរសម សិក្សា ឬ​រស់នៅ​ក្នុង​ប្រទេស​បារាំង ហើយ​ភាសា​បារាំង​នៅ​តែ​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​។

ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​អាច​នឹង​សម្រេច​បាន​នេះ នឹង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ជា​ផ្លូវការ​លើ​វិស័យ​សំខាន់​ៗ ដូច​ជា ពាណិជ្ជកម្ម ការ​អប់រំ បច្ចេកវិទ្យា សន្តិសុខ និង​ការទូត​ក្នុង​តំបន់​។ ប្រទេស​បារាំង​ដែល​ជា​មហាអំណាច​នាំមុខ​គេ​នៅ​ក្នុង​សហភាព​អឺរ៉ុប និង​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ អាច​ក្លាយជា​អ្នកតស៊ូ​មតិ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ជួយ​លើកកម្ពស់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។

ដោយឡែក​សម្រាប់​កម្ពុជា​វិញ​ទោះបីជា​ប្រទេស​តូច និង​ធ្លាប់​ជា​ប្រទេស​ក្រោម​អាណាព្យាបាល​បារាំង​មែន ប៉ុន្តែ​កម្ពុជា​ក៏​អាច​ផ្តល់​ឱ្យ​បារាំង​នូវ​ជំហរ​រឹង​មាំ​ជាង​មុន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ជា​តំបន់​ដ៏​សំខាន់​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ការ​រក្សា​តុល្យភាព​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​ចិន សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។

ក្រៅពី​នោះ​ភាព​ជា​ដៃគូ​បែប​នេះ​អាច​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​របស់​ខ្លួន​កាន់តែ​ទូលំទូលាយ ។ កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​លើកកម្ពស់​ទំនាក់ទំនង​នេះ​ជាមួយនឹង​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាងត្បូង និង ប្រទេស​ជិតខាង ហើយ​ប្រទេស​ខ្លះ​នៅ​ក្នុង​ចំណោម​នេះ​ក៏​បាន​លើកកម្ពស់​ទៅរ​កមួយ​កម្រិត​ថែម​ទៀត​ដែល​គេ​ហៅ​ថា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ប៉ុន្តែ​ជាមួយនឹង​បារាំង​វា​គឺជា​ការ​ចាប់ផ្តើម​ពង្រីក​ទំនាក់ទំនង​ទៅ​កាន់​អឺរ៉ុប​។
នៅ​ពេល​នេះ​អឺរ៉ុប​ដែល​មានបារាំង​ជា​បងធំ គឺជា​ទីផ្សារ​នាំ​ចេញ​ធំ​ទី​២​របស់​កម្ពុជា ហើយ​នៅ​ក្នុង​នោះ​បារាំង​ផ្ទាល់​ទោះបីជា​ពាណិជ្ជកម្ម និង វិនិយោគ​មិនសូវ​ធំ​មែន ប៉ុន្តែ​ផលប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ​គឺ​មាន​ក៏​មិនជា​តូច​ដែរ​។

នៅ​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២៥​នេះ កម្ពុជា​នាំ​ចូល​ពី​បារាំង​ប្រមាណ​ជា ៤៥,៥ លាន​ដុល្លារ ហើយ​នាំ​ចេញ​ទៅ​វិញ​គឺ​ប្រមាណ​ជា ជាង​១៨៦​លាន​ដុល្លារ ។ ក្រៅពី​នោះ​បារាំង​ក៏​មាន​អ្នក​វិនិយោគ​នៅ​កម្ពុជា​ជា​ច្រើន​ដែរ ដូច​ជា​ក្រុមហ៊ុន​ថាមពល​ថាមពល ក្រុមហ៊ុន​គ្រប់គ្រង​ព្រ​លាន​យន្តហោះ ធនាគារ និង គម្រោង​មួយ​ចំនួន​ទៀត ។

សរុប​ទៅ​រៀបចំ ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​រក​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​នា​ពេល​ខាង​មុខ​នឹង​មិន​គ្រាន់តែ​លើកកម្ពស់​ទំនាក់ទំនង​កម្ពុជា​-​បារាំង​នោះ​ទេ វា​នឹង​បង្ហាញ​អំពី​ម​ហិ​ច្ឆិ​តា​កាន់តែ​ទូលំទូលាយ​របស់​កម្ពុជា​ក្នុង​ការ​អះអាង​ខ្លួនឯង​ថា​ជា​អ្នក​ដើរតួ​នាទី​សកម្ម តុល្យភាព និង​ជាស​កល នៅ​ក្នុង​ពិភព​ពហុ​ប៉ូ​ល និង​ចរន្ត​សកលភាវូបនីយកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles