កិច្ចសហប្រតិបត្តិការ​កម្ពុជា-សហភាព​អឺរ៉ុប៖ EU បង្ហាញ​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

កិច្ចសហប្រតិបត្តិការ​កម្ពុជា-សហភាព​អឺរ៉ុប៖ EU បង្ហាញ​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់អារម្មណ៍​ខ្លាំង ក្នុង​ការ​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា ។ ការ​បង្ហាញ​ចំណាប់អារម្មណ៍​នេះ ខណៈ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៥ បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម António Costa ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​សន្និសីទ​លើក​ទី​៣ របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​មហាសមុទ្រ (UNOC3) នៅ​ថ្ងៃ​ទី​៨-១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង​។
ក្នុង​ឱកាស​នៃ​ជំនួប​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច​បវរ​ធិ​បតី ព្រមទាំង​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​សហភាព​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) និង​កិច្ចសហការ​ដែល​កំពុង​បន្ត​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក រួម​ទាំង​កម្ពុជា​ផង​ដែរ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​លើ​ការ ងារ​កសាង​ក្របខ័ណ្ឌ​គតិ​យុ​ត្ត ជា​ពិសេស​វឌ្ឍនភាព​អំពី​ច្បាប់​ស្តី​ពី ជលផល នា​ពេល​ថ្មី​ៗ​នេះ​។ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​បន្ត​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​។ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ក៏​បាន​កោតសរសើរ​ជំហរ​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​សង្កត់ធ្ងន់​ថា បើ​សង្គ្រាម​កើតឡើង​ហើយ យើង​មិនដឹង​ថា វា​នឹង​បញ្ចប់​នៅ​ពេល​ណា​ទេ​។


ជា​ការ​ឆ្លើយ​តប សម្តេច​បវរ​ធិ​បតី​បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប​ដែល​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​កន្លង​មក តាម​រយៈ​ការ​អនុវត្ត​គម្រោង​រួម​គ្នា​រវាង​កម្ពុជា​-​សហភាព​អឺរ៉ុប​។ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ សម្តេច​បវរ​ធិ​បតី​សង្ឃឹម​យ៉ាង​មុតមាំ​ថា សហភាព​អឺរ៉ុប​នឹង​នៅ​តែ​បន្ត​ធ្វើ​ជា​ដៃគូ ជាមួយ​កម្ពុជា ក្រោយ​ពេល​ចាក​ចេញពី​ឋានៈ​ជា​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ ខាង​មុខ​។

ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ជលផល កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ជាក់ស្តែង​ជា​ច្រើន ដែល​ក្នុង​នោះ​មានការ​ជំរុញ​ការ​អនុម័ត​ច្បាប់​ស្ដី​ពី​ជលផល​ដែល​បាន​ឆ្លង​រដ្ឋសភា​រួច ហើយ​ព្រឹទ្ធសភា​នឹង​បន្ត​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​នេះ​ក្នុង​ខែមិថុនា​នេះ​។ ក្រៅពី​វិស័យ​ជលផល កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញឱ្យ​បាន​៧០% នៅ​ឆ្នាំ​២០៣០ និង​សម្រេច​បាន​នូវ​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​២០៥០ បើ​ទោះបីជា​ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​បំ​ភាយ​ឧស្ម័ន​កាបូ​និក​ក៏​ដោយ​។

សម្តេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​ភាព​មិន​ប្រាកដប្រជា កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ប្រកាន់ខ្ជាប់​ពហុភាគី​និយម​។ កម្ពុជា​ធ្លាប់​រង​គ្រោះ​សង្គ្រាមស៊ីវិល​ជា​ច្រើន​ទសវត្សរ៍ និង​យល់​ច្បាស់​អំពី​ផលវិបាក​នៃ​សង្គ្រាម ជា​ពិសេស​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។

ក្នុង​ជំនួប ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ក៏​បាន​អញ្ជើញសម្តេច​បវរ​ធិ​បតី​បំពេញ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​សហភាព​អឺរ៉ុប ទីក្រុង​ព្រុ​ច​សែ​ល ដើម្បី​បន្ត​ពិភាក្សា​ស្វែងរក​កាលានុវត្តភាព​ថ្មី សំដៅ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​។
សម្តេច​បវរ​ធិ​បតី​បាន​ទទួលយក​ការ​អញ្ជើញ​នេះ ដោយ​គ្រោង​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ពេលវេលា​សម​ស្រប​ណាមួយ​នា​ពេល​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles